(កំពង់ធំ)៖ លោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង ខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ថា ការយកសំណាករបស់ពលករនៅក្នុងមណ្ឌលចត្តឡីស័ក គឺដើម្បីឱ្យប្រាកដថា ពេលពលករបានបញ្ចប់ការធ្វើចត្តាឡីស័ក គឺប្រកបដោយសុវត្ថិភាពដោយគ្មានផ្ទុកមេរោគកូវីដ១៩ឡើយ។

លោក ឡាយ ស៊ីលី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលរដ្ឋបាលស្រុកស្ទោង សហការជាមួយមន្ទីរពេទ្យបង្អែកស្រុក ចុះយកសំណាកប្រជាពលករចំនួន១០នាក់ ដែលបានវិលត្រលប់មកពីបណ្តារាជធានីខេត្តផ្សេងៗ ហើយកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកស្ទោង។

លោកអភិបាលរងស្រុកស្ទោង ក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងបញ្ចប់ចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋទូទៅក្តី សូមរស់នៅប្រកបដោយ អនាម័យខ្ពស់ គោរពតាមវិធានការ បីកុំ បីការពារ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ហើយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បុស្តិ៍រដ្ឋបាល ត្រូវតាមដាន និងស្រាវជ្រាវរក ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងរាជធានី ខេត្តនានា មកដល់មូលដ្ឋានគឺត្រូវបញ្ជូនពួកគាត់ មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកស្ទោង ជាបន្ទាន់សំដៅរួមគ្នាបញ្ចប់កូវីដ១៩ ឱ្យខានតែបាន។

សូមបញ្ជាក់ថា គិតមកដល់នឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ មណ្ឌលចត្តាឡីស័កស្រុកស្ទោង មានប្រជាពលរដ្ឋដែលវិលត្រលប់ឆ្លងខេត្តមកពីបណ្តារាជធានី ខេត្តផ្សេងៗ កំពុងធ្វើចត្តាឡីស័កចំនួន ៦៩នាក់ ស្រី ២០នាក់ផងដែរ៕