(កែប)៖ រដ្ឋបាលខេត្ដកែប នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្ស៣នាក់ ដែលឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានព្រះសង្ឃមួយអង្គ គង់នៅវត្តពោធិ៍សែនជ័យ ហៅវត្តស្ទឹងហាវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកែប បានបង្ហាញឈ្មោះ និងប្រវត្តិរបស់អ្នកជំងឺកូវីដដែលទើបរកឃើញនោះ រួមមាន៖

* ទី១៖ ព្រះសង្ឃនាម ប៊ូ ផាត ព្រះជន្ម៥៥វស្សា គង់នៅវត្តពោធិ៍សែនជ័យ ហៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ
* ទី២៖ ឈ្មោះ ប៊ូ ហ៊ួយ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាសាច់ញាតិរបស់ព្រះអង្គ ប៊ូ ផាត មានទីលំនៅភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
* ទី៣៖ ឈ្មោះ កៅ វ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានមុខរបរជាអ្នកបើកឡានដឹកដី។ បច្ចុប្បន្នបុគ្គលវិជ្ជមានជំងឺកូវីដ១៩ ទាំង៣អង្គ/នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប ក៏បានបង្ហាញអំពីប្រវត្តិធ្វើដំណើរមួយចំនួនមុនរកឃើញជំងឺកូវីដនេះផងដែរ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលវិជ្ជមានទាំង៣អង្គ/នាក់ខាងលើ សូមតាមដានសុខភាព។ ក្នុងករណីចេញរោគសញ្ញាសង្ស័យ ត្រូវរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបន្ទាន់៕