(កណ្ដាល)៖ សប្បុរសជនម្នាក់រស់នៅក្រុងតាខ្មៅលោក មួយ ប្រាក់ពន្លឺ បានបំផុសស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ដោយលោកបានឧបត្ថស្បៀងអាហារដល់កងកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបាននឹងកំពុងការពារយាមល្បាត ក្នុងការបិទខ្ទប់ទីក្រុងតាខ្មៅនេះ។

បើយោងតាមសំណេរបស់លោក មួយ ប្រាក់ពន្លឺ នៅបណ្ដាញសង្គម Facebook នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះថា «ថ្ងៃនេះខ្ញុំបាទតំណាងឱ្យក្រុមការងារបានប្រគល់នៅមី ទឹកសុទ្ធ និងថវិកាជូន បងប្អូនកងកម្លាំងប៉ូលីសប៉ុសិ៍កំពង់សំណាញ់ ចំនួន៥នាក់ ក្នុងនោះលោកមេប៉ុសិ៍ ថវិកា ៥ម៉ឺនរៀល និងមីមួយកេសតូច ចំណែកមន្ត្រីប៉ុសិ៍ក្នុងម្នាក់ថវិកា ៣ម៉ឺនរៀល និងមីមួយកេសតូច ផងដែរ រីឯបងៗប្រជាការពារក្នុងភូមិ កំពង់សំណាក់ចំនួន៩នាក់ ក្នុងម្នាក់ក៏ទទួលបាននូវថវិកាចំនួន ២ម៉ឺនរៀល មីមួយកេសតូច និងទឹកបរិសុទ្ធមួយចំនួន»។

គួរជម្រាបជូនថា លោក មួយ ប្រាក់ពន្លឺ ក៏បានបញ្ចុះតម្លៃបន្ទប់ជួលទាំង៣៥ របស់លោកផងដែរ ដើម្បីចូលរួមជួយកាត់បន្ថយការលំបាករបស់អ្នកជួលបន្ទប់របស់លោក ហើយលោកក៏ត្រូវបានគេសង្កេតឃើញថា មានចិត្តសប្បុរសធម៌ក្នុងការចូលរួមជួយសង្គម ជនចាស់ជរា ពិការ អ្នកក្រីក្រជាច្រើននាក់ផងដែរ៕