(កំពង់ឆ្នាំង)៖ អ្នកពាក់ព័ន្ធនឹងសពឈ្មោះ នូ ចុល ដែលស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់ ១១៤នាក់ ខណៈពួកគាត់ទទួលលទ្ធផលតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់។ នេះបើតាមលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ស្រង់ទិន្នន័យលទ្ធផលសំណាក ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែមេសានេះ។

លោក ប្រាក់ វ៉ុន បានឲ្យដឹងថា ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង ១១៤នាក់នេះ មានមនុស្ស ៤៦នាក់ (ជាគ្រួសារ និងអ្នកភូមិ) ទទួលបានលទ្ធផលតេស្តអវិជ្ជមាន នៅថ្ងៃទី២២ ខែមេសា ហើយមនុស្ស ៦៨នាក់ទៀត (ជាពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ១៧នាក់ និងអ្នកនៅផ្សារព្រៃខ្មែរ ៥១នាក់) ទទួលបានលទ្ធផលតេស្តអវិជ្ជមាន នៅថ្ងៃទី២៣ ខែមេសានេះ។

ឈ្មោះ នូ ចុល មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់ដោយសារកូវីដ១៩ កាលពីវេលាម៉ោង ២៖០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខ នៅភូមិព្រះរាមរង្សី បន្ទាប់ពីដឹងថា សពជនរងគ្រោះឈ្មោះ នូ ចុល មានជំងឺកូវីដ-១៩ អាជ្ញាធរបាត់សម្រេចបិទភូមិនេះ ជាបណ្តោះអាសន្ត ចាប់ពីព្រឹកថ្ងៃទី២០ ខែមេសាតទៅ។

ក្រៅពីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមេសា ក៏បានសម្រេចបិទទីតាំង ៣កន្លែងទៀត ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយសារពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើនេះ មានដូចខាងក្រោម៖

១៖ មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង ស្ថិតនៅក្នុងភូមិផ្សារលើ សង្ការផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
២៖ វត្តទួលសទ្ធាសត្ថារាម ហៅវត្តភ្នំយោង ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
៣៖ ផ្សារព្រៃខ្មែរ ស្ថិតនៅក្នុងភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕