(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ដែលមានចំនួនរហូតដល់ទៅជាង៧០ម៉ឺននាក់ កំពុងតែទទួលបានប្រាក់ខែច្រើនជាងមុន គឺលើសពីប្រាក់ឈ្នួលអប្បបរមា១៤០ដុល្លារ ដែលចាប់ផ្ដើមអនុវត្តកាលពីខែមករា ហើយនេះក៏ដោយសារតែពួកគាត់ទទួលបាននូវប្រាក់ឧបត្ថម្ភ ដែលកំណត់ដោយច្បាប់ និងប្រាក់រង្វាន់ផ្សេងទៀត ពីរោងចក្រដែលខ្លួនធ្វើការ។

ប្រាក់ឧបត្ថម្ភ ប្រាក់រង្វាន់ និងប្រាក់ការងារបន្ថែមម៉ោង ដែលកម្មកររោងចក្រទទួលបាន គឺមានកម្រិតយ៉ាងតិចបំផុត ចាប់ពី១៧ដុល្លារ រហូតដល់ទៅ៦០ដុល្លារ ឬច្រើនជាងនេះ ។ នេះមានន័យថា ជាមធ្យម កម្មករទទួលបានប្រាក់ចំណូល ប្រមាណជា ២០០ ដុល្លារក្នុងមួយខែ។

អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា បានឲ្យដឹងថា «ជារួមកម្មករកាត់ដេរនៅកម្ពុជា មិនថាមានជំនាញ ឬគ្មានជំនាញនោះទេ គឺអាចទទួលបានប្រាក់ខែ យ៉ាងហោចណាស់ក៏ចន្លោះពី ១៥៧ ដុល្លារ ដល់ជាង២០០ដុល្លារដែរក្នុងមួយខែៗ ហើយនេះជាទឹកប្រាក់ដែលគាត់ទទួលបានជាក់ស្ដែង ។ ប្រសិនបើយើងក្រឡេកមើលលើប្រាក់ឈ្នួលអប្បបរមា និងប្រាក់ខែដែលទទួលបានជាក់ស្ដែងវិញ ឃើញថា ខុសគ្នាច្រើន» ។

ប្រាក់ឧបត្ថម្ភ ដែលកំណត់ដោយច្បាប់រួមមាន១០ដុល្លារយ៉ាងតិច សម្រាប់ការងារទៀងទាត់៧ដុល្លារយ៉ាងតិច សម្រាប់ការស្នាក់នៅនិងធ្វើដំណើរ និងពី២ ដល់១១ ដុល្លារ សម្រាប់អតីតភាពការងារ។ ចំណែកឯប្រាក់រង្វាន់វិញរួមមាន ៥ដុល្លារសម្រាប់កម្មករដែលមានជំនាញ និងប្រាក់ឧបត្ថម្ភថ្លៃអាហារយ៉ាងតិច ០,៥ ដុល្លារសម្រាប់កម្មករ ដែលស្ម័គ្រចិត្តធ្វើការថែមម៉ោង។

លោក កាំង ម៉ូនីកា បន្ថែមថា ដោយសារតែប្រាក់ខែ ដែលកម្មករទទួលបានជាក់ស្ដែង ចេះតែបន្តកើនឡើង ដូច្នេះឧស្សាហកម្ម ចាំបាច់ត្រូវផ្ដោតលើមធ្យោបាយនានា ធ្វើយ៉ាងណាបង្កើនផលិតភាពការងារ។

លោកបន្ដទៀតថា ខណៈដែលបញ្ហាប្រាក់ខែត្រូវបានដោះស្រាយដោយផ្ដល់អាទិភាពលើកម្មករ ដូច្នេះ នៅពេលនេះ ឧស្សាហកម្មកាត់ដេរ ចាំបាច់ត្រូវរួមគ្នាស្វែងរកវិធីសាស្ត្រធ្វើយ៉ាងណា បង្កើនផលិតភាពការងាររបស់យើង ដើម្បីធ្វើឲ្យឧស្សាហកម្មកាត់ដេរ នៅកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយ នឹងប្រទេសផលិតសម្លៀកបំពាក់ផ្សេងទៀត ដែលផ្ដល់់ប្រាក់ខែទាបជាង ប៉ុន្តែ មានផលិតភាពខ្ពស់ជាងកម្ពុជា៕