(ភ្នំពេញ)៖ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៥ នៅតំបន់ឆ្នេរ ខេត្តព្រះសីហនុ ដែលរៀបចំដោយគណៈ​​កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីអបអរទិវាសិទ្ធិនារី ថ្ងៃទី០៨ មីនានោះ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ បានបញ្ចប់ហើយដោយមានភ្ញៀវជាតិ-អន្ដរជាតិចូលរួមចំនួន ១៣០០នាក់(បរទេសជាង ១២០នាក់) ខណៈតំណែងជើងឯក រត់ចម្ងាយ២១គីឡូម៉ែត្រផ្នែកបុរស បានទៅកីឡាករ ម៉ា វីរ៉ូ របស់ប្រទេសកម្ពុជា ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងឱកាសនោះថា ក្នុងចំណោមអ្នកចូលរួមទាំង ១៣០០នាក់ គឺមាន ១១៨០នាក់ជាភ្ញៀវជាតិ និង ១២០នាក់ជាភ្ញៀវអន្ដរជាតិ ដែលមកពី ២០ប្រទេសលើពិភពលោកចូលរួម ។ ប៉ុន្ដែចំនួននេះ បើធៀបនឹងឆ្នាំ២០១៥ គឺមិនមានកើនឡើងច្រើនប៉ុន្មានទេ ដោយសារកត្ដាមធ្យោបាយធ្វើដំណើរមានផលលំបាក ហេតុនេះហើយទើបពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកចូលរួមមានការកើនឡើងតិចតួចដូច្នេះ ពិសេសជនបរទេស ដែលនិយមធ្វើដំណើរតាមយន្ដហោះតែម្ដង ។

ប៉ុន្ដែទោះជាយ៉ាងណា NOCC និងដៃគូសហការ រួមទាំងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នៅតែបណ្ដុះឆន្ទៈរៀបចំព្រឹត្តិការណ៍នេះឆ្ពោះទៅរកភាពជោគជ័យឱ្យបាន ព្រោះទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិមួយនេះ មិនត្រឹមតែដើម្បីអបអរសាទរបុណ្យសិទ្ធិនារី ថ្ងៃទី០៨ មីនានោះទេ ។ លើសពីនេះក៏ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិឲ្យចូលមកលេងកម្សាន្ដ នៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា និងផ្សព្វផ្សាយពីកន្លែងទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជានេះផងដែរ ។

ជាលទ្ធផលបន្ទាប់ពីធ្វើការប្រកួតរយៈពេល ១ព្រឹកពេញមកនេះ សម្រាប់ចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរស បានទៅកីឡាករ ម៉ា វីរ៉ូ រត់ក្នុងថិរវេលា ១ម៉ោង ១៧នាទី និង ៤៤វិនាទី, លេខ ២ កីឡាករអាមេរិក Brendon Thomas រត់ក្នុងថិរវេលា ១ម៉ោង ១៨នាទី និង ៥៧វិនាទី និងលេខ ៣ កីឡាករអាមេរិក Josiah Kangas រត់ក្នុងថិរវេលា ១ម៉ោង ៣៦នាទី ៤៧វិនាទី រីឯលេខ១ផ្នែកនារី បានទៅកីឡាការិនីបារំាង Veronique Meesina រត់ក្នុងថិរវេលា ១ម៉ោង ៣៨នាទី និង ៤៨វិនាទី, លេខ ២ កីឡាការិនីអាមេរិក Hillary Snyder រត់ក្នុងថិរវេលា ១ម៉ោង ៤៧នាទី និង ៣៤វិនាទី និងលេខ៣ បានទៅកីឡាការិនីអាមេរិក  Sara Bawder រត់ក្នុងថិរវេលា ១ ម៉ោង ៤៧និង ៣៨វិនាទី ។

ដោយឡែកវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្របុរសលេខ១ បានទៅកីឡាករថៃ Sanchai namkhet រត់ក្នុងថិរវេលា ៣៥នាទី ៨វិនាទី និង៨២, លេខ ២ កីឡាករ គៀង សាម៉ន រត់ក្នុងថិរវេលា ៤១នាទី  ០១វិនាទី និង៩២ ឯលេខ៣ បានទៅកីឡាករកម្ពុជា អូន វាសនា រត់ក្នុងថិរវេលា ៤៥នាទី ០៦វិនាទី និង ៦៩ ឯលេខ១ ផ្នែកនារី បានទៅកីឡាការិនីថៃ Thamrong Nawat រត់ក្នុងថិរវេលា ៤១នាទី ០៥វិនាទី និង ៥៣  និង ៤៦វិនាទី, លេខ២ កីឡាការិនីកម្ពុជា ហេង ម៉ីជូ រត់ក្នុងថិរវេលា ៤៩នាទី ៥៤នាទី និង ០៣ ឯលេខ៣ បានទៅកីឡាការិនី តេង សុភី រត់ក្នុងថិរវេលា ៥៦នាទី ៣១វិនាទី និង ២២ ។

ចំណែកវិញ្ញាសារត់ចម្ងាយ ៣គីឡូម៉ែត្រ គ្រាន់តែជាការប្រកួតរត់កម្សាន្ដលក្ខណៈគ្រួសារ ដើម្បីសុខភាពប៉ុណ្ណោះ ដោយមានវត្តមានអភិបាលខេត្តព្រះសីហនុលោក យន់ មីន និងលោក វ៉ាត់ ចំរើន ចូលរួមបើក និងបិទកម្មវិធីផងដែរ៕