(ភ្នំពេញ)៖​ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៨ផ្ទាំង ត្រូវបានបាក់ខ្ទេចខ្ទីដោយសារជនជាតិចិនម្នាក់ បើករថយន្តទៅបុក​នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងទៅផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នាម៉ោង ១០៖៤០នាទីយប់ ថ្ងៃទី០៥​ ខែមីនា ឆ្នាំ២០១៦នេះ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេបានឃើញជនជាតិចិនម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក​ Infinity Qx56 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2T-1886 តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ជនជាតិចិននោះបានបើករថយន្តរេចង្កូត ទៅបុករនាំងដែកបណ្តាលឲ្យបាក់អស់ ៨ផ្ទាំង និងបណ្តាលឲ្យរថយន្តរងការខូចខាតផងដែរ។

បន្ទាប់ពីបុកហើយ ជនជាតិចិនរូបនោះព្យាយាមបើករថយន្តរត់ចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានសមត្ថកិច្ចល្បាតឃាត់បានភ្លាមៗផងដែរ។ បន្ទាប់ពីឃាត់បានហើយជនជាតិចិនរួមជាមួយរថយន្ត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងសំណងនៃការខូចខាតនេះ៕