(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា និងជាប្រធានក្រុម​ការងារ​ចុះជួយឃុំអូរ តាគី និង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្ត បាត់ដំបង​ នារសៀលថ្ងៃទី​៥ ខែមីនា ឆ្នាំ២០១៦ នេះ បាននាំថវិកាមូលនិធិសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ចំនួន​១១លាន៦សែនរៀល យកទៅចែកជូនស្រ្តី​សម្រាលកូន និងក្រុមគ្រួសារអ្នក​ទទួលមរណភាព​ប្រមាណ៥៨នាក់​នៅក្នុងឃុំតាម៉ឺន និងឃុំអូរតាគីស្រុកថ្ម គោល ខេត្តបាត់ដំបង ។

ក្នុងឱកាសនាំថវិកាជូនស្រ្តីឆ្លងទន្លេ និងក្រុមគ្រួសារអ្នកមរណភាព​នេះ នាយឧត្តមសេនីយ៍ សួស អង្គារ៍ បាននាំយកប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណ​បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និង ជាតំណាងរាស្រ្ត​មណ្ឌលបាត់ដំបង ទៅជម្រាបជូនប្រជាពលរដ្ឋថា មានគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រជាតិ។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និង ស្ថានភាពជីវភាពរស់នៅរបស់បងប្អូនជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់គណបក្ស គឺនៅទីណាមានទុក្ខ គឺតែងមានមុខក្រុមការងារគណបក្សចាំជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានយើងជានិច្ច»

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានផ្តាំផ្ញើ​ដល់មាតាទាំងអស់​ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមាន​សុខភាពល្អ មានអនាម័យក្នុងការរស់ នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់​សាំង​ការពារឲ្យបាន​ទៀងទាត់ តាមពេទ្យណែនាំ។  

ស្ត្រីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ដែលទទួលបានថវិកាពីមូលនិធិសម្តេចក្រឡាហោម ស ខេង តាមរយៈលោក បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារ​គណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលា ព្រមទាំង ថវិកា និង សម្ភារៈចែកជូន ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយ​ណាឡើយ។

លោកបានបញ្ជាក់ផងដែរថា ថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង បានចែកជូនដល់ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល។

ដោយឡែកសម្រាប់ស្ត្រីសម្រាលកូនទាំង២ឃុំចំនួន ៥៨ នាក់ ម្នាក់ៗទទួលបានឃីតមួយ​កញ្ចប់បន្ថែម ដែលជារបស់​ប្រើប្រាស់មាន​៦មុខសម្រាប់ កូនង៉ា​ប្រើប្រាស់​ផងដែរ៕