(ភ្នំពេញ)៖ រោងម៉ាស៊ីនកិនស្រូវ «CHEA HAB RICE MILL» បានប្រកាសលក់អង្ករចំនួន ៥០០តោន ដំណាក់កាលទី១ ជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (Navatra Leng) អគ្គនាយក Galaxy Navatra Group ក្នុងតម្លៃសមរម្យក្រោមទីផ្សារ ដើម្បីអ្នកឧកញ៉ាបានយកចែក ឬលក់ជូនប្រជាជនក្នុងតម្លៃទាប ចែករំលែកការលំបាកប្រជាជននាកាលៈទេសៈដ៏លំបាកកូវីដ១៩នេះ។

លោក ជា លីសែ សមាជិកគ្រួសារម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានថ្លែងប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា «ថ្ងៃនេះក្រុមគ្រួសាររបស់ខ្ញុំ រោងម៉ាស៊ីនកិនស្រូវ CHEA HAB RICE MILL មានកិត្តិយស និងសោមនស្សរីករាយដោយបានលក់អង្ករចំនួន៥០០តោន ដំណាក់កាលទី១ ជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា Navatra Leng អគ្គនាយក Galaxy Navatra Group ក្នុងតម្លៃសមរម្យក្រោមទីផ្សារ ដើម្បីអ្នកឧកញ៉ាបានយកចែក ឬលក់ជូនប្រជាជនក្នុងតម្លៃទាប ចែករំលែកការលំបាកប្រជាជន នាកាលៈទេសៈដ៏លំបាកកូវីដ១៩នេះ»

លោកតំណាងក្រុមគ្រួសារ នៃរោងម៉ាស៊ីនកិនស្រូវ សូមអរគុណទឹកចិត្តដ៏សប្បុរសរបស់អ្នកឧកញ៉ា និងក្រុមគ្រួសារ សម្រាប់ការផ្ដល់ឱកាសឲ្យគ្រួសាររបស់លោក បានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជួយប្រជាជនដ៏ប្រពៃនេះ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានថ្លែងអំណរគុណរោងម៉ាស៊ីនកិនស្រូវ ជា ហាប់ ដែលផ្គត់ផ្គង់អង្ករថែមចំនួន៥០០តោន ប្រភេទអង្ករ៥៤៥១ អង្ករក្រអូប ដែលអ្នកលក់ទូទៅតែងហៅថាផ្កាម្លិះលេខ២ ក្នុងតំលៃពិសេសដើម្បី សង្គមយើងផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលក់អង្ករតម្លៃថោកជាងទីផ្សារ ដោយសុខចិត្តខាត៤០ដុល្លារក្នុងមួយតោន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋគ្រាដែលរាជរដ្ឋាភិបាល បិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ទៀតថា តម្លៃទិញចូល៤២០ដុល្លារ លក់ចេញតែ៣៨០ដុល្លារ សុខចិត្តខាត៤០ដុល្លារ លក់ជូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ សម្រាប់ប្រជាពលរដ្ឋដែលត្រូវការទិញមួយបាវ៥០គីឡូក្រាម ក្នុងតម្លៃ១៩ដុល្លារ ស្មើនឹង៧៦,០០០រៀល។ ប្រជាពលរដ្ឋអាចកម្មង់ទិញមួយគ្រួសារ ត្រឹម៦បាវតែប៉ុណ្ណោះ មិនអាចទឹកលក់បន្ដបាននោះទេ។ តម្លៃនេះមាននៅតែទីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ៕