(ភ្នំពេញ)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

តាមរយៈបណ្តាញព័ត៌មាន Fresh News លោកស្រី កិត្តិសង្គហបណ្ឌិត បានបង្ហាញនូវអារម្មណ៍ក្តុកក្តួល និងសោកស្តាយជាខ្លាំង។ លោកស្រីចាត់ទុកថា មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរបស់ជាតិ និងជាការបាត់បង់ ស្វាមី ឪពុក ជី ប្រកបដោយសង្គហធម៌ និងក្តីសន្តោសប្រោសប្រណី ចំពោះភរិយា កូន ចៅជាទីស្រឡាញ់។ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោក ម៉ៅ អាយុទ្ធ ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕