(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោកស្រី សូ សាម៉ូនី ម៉ៅ អាយុទ្ធ ចំពោះមរណភាពរបស់លោក ម៉ៅ អាយុទ្ធ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមសាររំលែកមរណទុក្ខ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររំលែកមរណទុក្ខយ៉ាងដូច្នេះថា៖

«ខ្ញុំ និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណ០៦៖០០ល្ងាច ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

មរណភាពរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រា បុត្រី ហើយគឺជាការបាត់បង់ជីតាប្រកបដោយក្តីសន្តោសប្រោសប្រណី ចំពោះចៅប្រុស ចៅស្រីជាទីស្រឡាញ់ ព្រមទាំងចំពោះមិត្តភក្តិ សហសេវិក
ដែលឯកឧត្តម ម៉ៅ អាយុទ្ធ តែងតែមានសមានចិត្តជាមួយ ដោយមិនរើសអើងចំពោះសិល្បករ សិល្បការិនីគ្រប់ទម្រង់។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយនៃសព ប្រកបដោយអនិច្ចលក្ខណធម៌ដ៏សង្វេគសោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន។

សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ម៉ៅ អាយុទ្ធ ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ទទួលនូវក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕