(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែល បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ ៧៧ឆ្នាំ ។

នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់ លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ នូវធនធានមនុស្សដ៏សំខាន់មួយ ជាពិសេសគឺការបាត់បង់អ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូបក្នុងចំណោមអ្នកនិពន្ធខ្សែភាពយន្តជើងខ្លាំងដទៃទៀតនៅក្នុងវិស័យសិល្បៈខ្មែរ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ លោក ម៉ៅ អាយុទ្ធ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោក ម៉ៅ អាយុទ្ធ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលមរណភាពនៅវេលា ម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕