(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាអាជ្ញាធរមូលដ្ឋាន ជួយសម្រួលអ្នកចែកចាយអាល់កុល និងសម្ភារការពារកូវីដ១៩ អាចដឹកពីកន្លែងមួយទៅកន្លែងមួយបាន ក្នុងរាជធានីភ្នំពេញ ព្រោះនេះជាទំនិញស្ថិតនៅក្នុងលក្ខខណ្ឌចាំបាច់ និងអាទិភាព។

ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងស្ថានភាព Lockdown រាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាល់កុល គឺជាទំនិញចាំបាច់មួយ ដែលស្ថិតនៅក្នុងទំនិញអាទិភាព ដែលសម្រាប់ការពារខ្លួន អញ្ចឹងគ្មានហេតុផលអីត្រូវហាមឃាត់ការដឹកអាល់កុលទេ»

ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងដោយសារ មានដំណឹងពីមូលដ្ឋានថា មានអ្នកចែកចាយអាល់កុល និងសម្ភាការពារកូវីដ១៩ នៅខណ្ឌឫស្សីកែវ បានដឹកទំនិញទាំងនោះទៅចែកចាយ នៅចម្ការដូង និងផ្លូវ ៦០ម៉ែត្រ តែត្រូវអាជ្ញាធរមូលដ្ឋានឃាត់មិនឲ្យឆ្លងកាត់។ អាជ្ញាធរមូលដ្ឋានថា ទាល់តែអ្នកចែកចាយនោះ មានឯកសារអនុញ្ញាតទើបបាន។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។

ដើម្បីអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយពាក់ព័ន្ធបញ្ហាបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖

*ទី១៖ Hotline 1299
*ទី២៖ 098 379 777
*ទី៣៖ 077 856 966
*ទី៤៖ 099 429 040

ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងចូលទៅ Telegram ពន្យល់វិធានការរដ្ឋបាល របស់សាលារាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបភ្លាមៗ៕