(ភ្នំពេញ)៖ កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស នានា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់អាទិភាពក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ផងដែរ ដើម្បីបង្កើនភាពសុាំក្នុងចង្កោមកម្មករ និយោជិត និងធានាដល់និរន្តភាពការងារ មិនរងការរំខានពីជំងឺកូវីដ១៩។

ក្នុងដំណាក់កាលដំបូងសម្តេចតេជោ ហ៊ុន សែន បានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនកម្មករ និយោជិតប្រមាណជាង ១០ម៉ឺននាក់។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News ពេលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅតាមរោងចក្រនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានឱ្យដឹងថា ក្រោយទទួលបានសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ក្រសួងបានចាប់ផ្តើមដំណើរការចាក់ជូនកម្មករ និយោជិតនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ ដំណើរការចាក់រយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រុមគ្រូពេទ្យបានចាក់ជូនដល់កម្មករ និយោជិត នៅតាមរោងចក្រនានា បានរហូតទៅដល់ជាង ៨ម៉ឺននាក់ ហើយតាមការគ្រោងផែនការចាក់នេះ អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍នេះ។

លោក ហេង សួរ បានឱ្យដឹងដែរថា ការចាក់ជូនកម្មករ និយោជិត គឺខុសពីការចាក់ជូនមន្ត្រីរាជការ ឬប្រជាពលរដ្ឋទូទៅ ដោយក្រសួងបានបែងចែងក្រុមគ្រូពេទ្យរហូតដល់ទៅ ៦០ក្រុមហើយចុះចាក់ដល់រោងចក្រតែម្តង។ បើតាមលោក ហេង សួរ ការចាក់បែបនេះ ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងជំងឺ និងពន្លឿនដំណើរការចាក់ផងដែរ។

ដោយសារតែដំណើរការចាក់វ៉ាក់សាំងធ្វើឡើងចំពេលនៃការរីករាលដាលជំងឺកូវីដ១៩នោះ ដូច្នេះការចាក់ត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្ការ និងទប់ស្កាត់ការចម្លងជំងឺ។ កម្មករ និយោជិត ដែលចាក់ក្រៅតែពីធ្វើតាមរោងចក្រនីមួយៗហើយនោះ មុនពេលពួកគេចូលចាក់ត្រូវបានកំណត់ឱ្យពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុលសម្លាប់មេរោគលើខ្លួនប្រាណ ហើយមានការរក្សាគម្លាតផងដែរ។ បន្ថែមពីលើនោះ ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ ក្រុមគ្រូពេទ្យក៏បានសាកសួរព័ត៌មានសុខភាពយ៉ាងលំអិតផងដែរ ដើម្បីប្រាកដថា ក្រោយពេលចាក់វ៉ាក់សាំងនឹងមិនមានប្រតិកម្មណាមួយកើតឡើង។

លោក ហេង សួរ បានកត់សម្គាល់ឃើញថា មានកម្មករ និយោជិត និងបណ្តារោចក្រជាច្រើន បានដាក់សំណើសុំចាក់វ៉ាក់សាំងក្រោមគោលការណ៍ស្ម័គ្រចិត្ត។ លោកបានបញ្ជាក់ថា មកដល់ពេលនេះមានកម្មករ និយោជិតរហូតដល់ទៅប្រមាណ ៦០ម៉ឺននាក់ បានស្នើសុំចាក់វ៉ាក់សាំង។

លោក ហេង សួរ បានគូសបញ្ជាក់ថា តាមរយៈសំណើនេះ គឺបានបង្ហាញឱ្យឃើញពីការយល់ច្បាស់របស់កម្មករ និយោជិត លើគុណតម្លៃវ៉ាក់សាំង សម្រាប់សុខភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

បន្ថែមពីលើនេះ លោក ហេង សួរ ក៏បានអំពាវនាវដល់កម្មករ និយោជិតទាំងអស់ ឱ្យចូលរួមចាក់វ៉ាក់សាំងទៅតាមផែនការរបស់រាជរដ្ឋាភិបាល។ ជាពិសេសត្រូវជឿទុកចិត្តលើអ្នកវេជ្ជសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការងារចាក់វ៉ាក់សាំង ដោយមិនត្រូវជឿតាមការអុចអាលណាមួយនោះឡើយ។

លោក ហេង សួរ ក៏បានគូសបញ្ជាក់ដែរថា តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ក្នុងចំណោមកម្មករ និយោជិត ប្រមាណជា ២លាននាក់ គ្រោងនឹងបញ្ចប់ការវ៉ាក់សាំងនៅអំឡុងខែមិថុនា ឆ្នាំ២០២២ បើសិនរាជរដ្ឋាភិបាលអាចរកវ៉ាក់សាំងបានតាមផែនការរបស់ខ្លួន៕