(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់បន្ថែមទៀត។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់នេះ មានឈ្មោះ ឡេង សុខេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងឈ្មោះ ឃាង លក្ខិណា ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ត្រូវជាស្វាមី និងជាកូនរបស់លោកស្រី ចឿម ផល្លា ដែលករណីនេះ ជាករណីការឆ្លងរាលដាលក្នុងសហគមន៍ក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាសម្រេចបិទមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប្រាសាទកែវ មានទីតាំងស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាបណ្ដោះអាសន្ន រហូតដល់មានការចេញសេចក្តី-ជូនដំណឹងជាថ្មី ដោយសារអ្នកជំងឺឈ្មោះ ឡេង សុខេង បានចេញចូលទីតាំងនេះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញចូលទីតាំងមន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រាសាទកែវ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា មកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាប រកឃើញអ្នកកើតជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ២០នាក់ហើយ៕