(កោះកុង)៖ ដើម្បីអនុវត្តន៍បញ្ជារបស់រាជរដ្ឋាភិបាល ក្នុងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងកើនឡើងយ៉ាងខ្លាំងនោះ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បានឃាត់ខ្លួនមេខ្យល់ ដែលព្យាយាមលួចដឹកពលករខុសច្បាប់ពីខេត្តត្រាត ប្រទេសថៃ កាន់ខេត្តកោះកុង។

លោក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនចាំយាម ស្រុកមណ្ឌលសីមា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា សមត្ថកិច្ចនៅច្រកទ្វារ បានឃាត់រថយន្ត១គ្រឿង ហើយពេលឆែកឆេរ ក៏ឃើញពលករម្នាក់ក្នុងរថយន្តតែម្តង។

លោកបានឲ្យដឹងថា បុរសវ័យចាស់ឈ្មោះ សេ លៀង អាយុ៦៤ឆ្នាំ ជនជាតិថៃ ទីលំនៅទីរួមខេត្តត្រាត។ ពលករខ្មែរលួចឆ្លងដែនខុសច្បាប់មានឈ្មោះ សំរ៉ន វ៉ាន់ឌី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បម្រើការងារជាពលករនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត។

ចំណែកឯលោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងថា បន្ទាប់ពីការសាកសួរ និងធ្វើកំណត់ហេតុរបស់នគរបាលអន្តោប្រវេសន៍រួចបញ្ចូនមកកាន់អធិការដ្ឋាន ហើយរូបលោកក៏បញ្ចូនខ្លួនមេខ្យល់ ទៅកាន់ពន្ធនាគារបន្តរង់ចាំការអនុវត្តនីតិវិធីច្បាប់៕