(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រ ខេត្តតាកែវ។

សេចក្ដីជូនដំណឹង បានឱ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» និងក្នុងគោលបំណង ការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តតាកែវ សូមធ្វើការណែនាំ នូវវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖

ទី១៖ គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងការហ្វេ ហាងភេសជ្ជៈ ទីតាំងអាជីវកម្ម ផ្នែកអាហារដ្ឋានគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការលក់ដូរគ្រឿងស្រវឹង គ្រប់ប្រភេទរយពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

ទី២៖ ភោជនីយដ្ឋាន អាហារដ្ឋាន គេហដ្ឋាន ហាងលក់ភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារដ្ឋានគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ន ចំពោះការទទួលអតិថិជន មកទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួន ប៉ុន្តែ អាចវេចខ្ចប់អាហារហូបចុកបាន។

ទី៣៖ មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ខេត្តតាកែវ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការចុះត្រួតពិនិត្យតាមគោលដៅ តាមផ្សារ ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងភេជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមសេចក្តីជូនដំណឹងនេះ។ ក្នុងករណីឃើញថាគណៈគ្រប់គ្រងផ្សារ ឬម្ចាស់អាជីវកម្មដ្ឋានណាមួយមិនព្រមអនុវត្តត្រូវធ្វើកិច្ចសន្យាណែនាំលើកទី១ ហើយប្រសិនបើនៅតែបន្តបំពានត្រូវតែអនុវត្តតាមវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយមិនលើកលែងឡើយ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ៖