(ភ្នំពេញ)៖ ប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថិ បានប្តេជ្ញាចិត្តថា នឹងបំបាត់ការឆ្លងជំងឺកូវីដ១៩ ឱ្យបានក្នុងរយៈពេលឆាប់ៗនេះ ក្រោយពេលដែលរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១៤ថ្ងៃ។

ការប្តេជ្ញាចិត្តរួមគ្នាបំបាត់ការចម្លងជំងឺកូវីដ១៩ ខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ Video Conference នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមប្រជុំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ព្រមទំាងថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មការផ្សេងទៀតផងដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងឱ្យគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអនុវត្តឱ្យបានជោគជ័យ ទៅលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីបំបាត់ជំងឺកូវីដ១៩ ដែលការងារនេះយើងត្រូវធ្វើឱ្យបានលទ្ធផលល្អប្រសើរក្នុងរយៈពេល១៤ថ្ងៃ ដោយមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានជំរុញឱ្យសមាជិកទាំងអស់នៅក្នុងជួរគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់នេះ រួមគ្នាជួយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ដើម្បីបំបាត់ជម្ងឺកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃនេះទទួលបានជោគជ័យ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានលើកឡើងពីការងារមួយចំនួនដែលអាជ្ញាធរ បាននិងកំពុងអនុវត្ត ដោយរដ្ឋបាលរាជធានី បានប្រើប្រាស់កម្លាំងមានសមត្ថកិច្ចដាក់ តាមគោលដៅចំនួន ២៧គោលដៅ ដើម្បីអនុវត្តការសំរេចបិទខ្ទប់នេះ បានដាក់ចេញជាវិធានការចំពោះទំនិញឡើងថ្លៃ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់កុងស៊ី កាប់ជ្រូក គោ និងអាជីវករលក់ដូរសាច់ គ្រឿងហូបចុកធ្វើកិច្ចសន្យាមិនឲ្យឡើងថ្លៃ ខណៈដែលពួកគាត់បានឡើង ថ្លៃសាច់ជ្រូក សាច់គោ ក្នុងតំណាក់កាលនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងល្បាតជាប្រចាំ នៅតំបន់ដែលបានកំណត់ជាតំបន់ពណ៌ក្រហម ដែលជាតំបន់ងាយឆ្លងជម្ងឺកូវីដ-១៩។ លោក ឃួង ស្រេង បានបញ្ជាក់ថា «ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩នេះ ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ នោះយើងមិនអាចទទួលបានជោគជ័យទេ។ លើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានចលនាជាមួយប្រជាពលរដ្ឋហើយ ហើយប្រជាពលរដ្ឋជាង៩០ភាគរយបានចូលរួមជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាល»។

ជាក់ស្តែងនៅតាមដងផ្លូវនានា ខណៈអនុវត្តនូវការសម្រេចបិទខ្ទប់នេះឃើញថា មានប្រជាពលរដ្ឋប្រមាណតែ២ទៅ៣ភាគរយប៉ុណ្ណោះ ដែលពួកគាត់ធ្វើចរាចរណ៍តាមផ្លូវ ហើយប្រជាពលរដ្ឋទាំងនោះភាគច្រើនទៀតសោធ ជាប្រជាពលរដ្ឋដែលមានការចាំបាច់ក្នុងការងារ ទៅចាក់វ៉ាក់សាំងនិងទៅទទួលសេវាសុខាភិបាលជាដើម។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះបានផ្តោតលើការអនុវត្តវិធានការណ៍បិទខ្ទប់នេះឲ្យមានប្រសិទ្ធភាព មិនប៉ះពាល់ដំណើរការរស់នៅរបស់ប្រជាពលរដ្ឋ។ រក្សាបានស្ថរភាពទំនិញលំហូរទំនិញ។ ការអនុវត្តធ្វើយ៉ាងណាកាត់ផ្តាច់ ជាកង់ៗជម្ងឺកូវីដ-១៩។ ការពង្រឹងលើការចត្តាឡីស័ក ការស្រាវជ្រាវរកអ្នកជំងឺកូវីដ-១៩ ការធ្វើតេស្តសំណាក ការចាក់វ៉ាក់សាំង និងការគាំពារដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ៕