(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៩នាក់ ដែលបម្រើការ និងស្នាក់នៅកាស៉ីណូចំនួន៣កន្លែង ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បច្ចុប្បន្នអ្នកកើតជំងឺកូវីដ១៩ទាំងអស់នេះ ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលជំងឺកូវីដ ចំនួន៤៤នាក់, នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន១៤នាក់ និងនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន១១នាក់។

ដោយឡែក ចំពោះទីតាំងដែលពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ១៩នេះ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ត្រូវបានរៀបចំជាមណ្ឌលចត្តាឡីស័ក រួមមាន៖

* កាស៉ីណូបាវិត-ម៉ុកបាយ
* កាស៉ីណូហ្គោលឡាក់
* កាស៉ីណូពិភពថ្មី។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព៕