(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំ ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ។

ក្នុងសេចក្ដីណែនាំ បានឲ្យដឹងថា ស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភៈ» កាន់តែខ្លាំងឡើងៗ និងក្នុងគោលបំណង ធានាការពារដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ ផ្អាកការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រាបៀរ និងស្រាគ្រប់ប្រភេទ) នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ

២៖ គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងគ្រប់ប្រភទ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវផ្អាកជាបណ្តោះអាសន្ន នូវការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ

៣៖ គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈនិងអាជីវករ អ្នកលក់ដូរអ្នកចែកចាយគ្រឿងស្រវឹង គ្រប់ប្រភេទ ត្រូវផ្អាករាល់ការបម្រើគ្រឿងស្រវឹង ជូនភ្ញៀវជាបណ្តោះអាសន្ន។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ម្ចាស់ដេប៉ូចែកចាយ ម្ចាស់ហាងម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំង នានាពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹងដូចបានរៀបរាប់ខាងលើ មិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕