(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា (ភូមា) ដែលគ្រោងនឹងឡើងកាន់អំណាចនៅចុងខែមីនាខាងមុខនេះ បានប្រកាសថា នឹងកាត់បន្ថយក្រសួងពីចំនួន៣៦ មកនៅត្រឹម២៣ក្រសួងប៉ុណ្ណោះ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០១៦។

គណបក្សឈ្នះឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី (NLD) ធ្លាប់បានប្រកាសថា ខ្លួននឹងធ្វើការរួមបញ្ចូលក្រសួង មួយចំនួនជាមួយគ្នា ដើម្បីឲ្យប្រសិទ្ធិភាពការងារកាន់តែខ្ពស់ ហើយដោយឡែកបុគ្គលិករដ្ឋកន្លងមក ក៏មិនត្រូវបានកាត់បន្ថយនោះដែរ គឺពួកគេនៅតែ អាចបំពេញកិច្ចការងារដដែល ប៉ុន្តែត្រូវតែបង្កើនការទទួលខុសត្រូវ និង ព្យាយាមបម្រើការងារ ដើម្បីការរីកចំរើនៃប្រទេសជាតិ យ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា សម្រាប់នៅក្នុងគណរដ្ឋមន្ត្រីថ្មី គណបក្ស NLD អាចមានសមាជិករបស់ខ្លួនតែ ៣០ ទៅ ៤០ភាគរយ ប៉ុណ្ណោះ ដោយសល់ប៉ុន្មានទៀត គឺទុកឲ្យគណបក្សផ្សេងៗ និង អ្នកមានបទពិសោធន៍ខ្ពស់ជាអ្នកចូលរួម។ ចំពោះការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១០ ខែមីនា ខាងមុខនេះផងដែរ៕