(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការដាក់បញ្ចាំងភាពយន្តជាច្រើន តាមបណ្ដារោងភាពយន្តនានា រួចមក ផលិតកម្ម មហាហង្ស នៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៦នេះ បានរៀបចំពិធីក្រុងពាលី ថតភាពយន្តខ្នាតធំមួយរឿងទៀត មានចំណងជើងថា «៣០ថ្ងៃ» ដែលជាប្រភេទរឿង បែបខ្មោចព្រាយបិសាច ភ័យរន្ធត់ តក់ស្លុត និងកំប្លុកកំប្លែង តាំងពីដើម​​រហូតដល់ចប់ខណៈដែល កន្លងមក ផលិតកម្មមហាហង្ស ធ្លាប់តែផលិតរឿងបែបមនោ​សញ្ចេតនា ។

ក្នុងពិធីក្រុងពាលី ចេញថតរឿងថ្មី មានចំណងជើងថា «៣០ថ្ងៃ» ត្រូវបានគេសង្កេតឃើញថា មានវត្តមានតារាសម្ដែងនិងក្រុមការងារ ថតជាច្រើននាក់ បានចូលរួម ក្នុងនោះតារាសម្ដែង ដែលទទួលបានតំណែងជាតួឯកក្នុងរឿងនេះ បានទៅលើលោក ជា សុវណ្ណនរាហ៍ និងតួឯកស្រី គឺអ្នកនាង សុខ សោម៉ាវត្តី ។

ភាពយន្តរឿង«៣០ថ្ងៃ»បាននិយាយ អំពីដំណើរដើមទងរបស់ក្រុមហ៊ុនមួយ ដែលបានមកជួលផ្ទះក្នុងតម្លៃថោក ប៉ុន្តែម្ចាស់ផ្ទះបាន ប្រាប់ថា បើក្រុមហ៊ុននេះ អាចដំណើរការ​អាជីវកម្មរបស់ខ្លួន បានលើសពី៣០ថ្ងៃ ពោលឲ្យតែឈានចូលដល់៣១ថ្ងៃម្ចាស់ផ្ទះ នឹងប្រគល់ ឲ្យក្រុមហ៊ុននេះ បន្តអាជីវកម្មរហូតដល់ទៅ ៥ឆ្នាំ ។ លើសពីនេះ អ្វីដែលពិសេស​ទៅទៀតនោះ គឺម្ចាស់ផ្ទះបានបើកដៃ ឲ្យម្ចាស់ក្រុមហ៊ុន ដែលជាកំឡោះសង្ហារូបនោះ តាមញ៉ែកូនក្រមុំរបស់ខ្លួនឲ្យបានទៀតផង ហើយបើញ៉ែបាន និងត្រូវរ៉ូវគ្នា ម្ចាស់ផ្ទះនឹងលើកឲ្យម្ចាស់​ក្រុមហ៊ុន​ នោះទៀតផង ។

យ៉ាងណាមិញ អ្វីដែលនៅពីក្រោយខ្នង នៃភាពងាយស្រួលនេះ គឺដោយសារតែផ្ទះនេះ មានខ្មោចរស់នៅមួយគ្រួសារមិនព្រមទៅ ចាប់ជាតិអ្វីទាំងអស់ ហើយម្ចាស់ផ្ទះចង់លក់ ឲ្យទៅនរណាផ្សេងក៏មិនបាន ។ ហេតុដូចនេះម្ចាស់ផ្ទះ ចង់សាកទៅលើម្ចាស់ក្រុមហ៊ុន ដែលទើបមកពីបរទេសមួយនេះ ដើម្បីចង់ដឹងថា តើពួកគេមានវិធីសាស្រ្តអ្វី ក្នុងការកំចាត់ខ្មោច ចេញពីផ្ទះនេះហើយក៏ក្នុងបំណងផ្សារ សាច់ផ្សាឈាម ជាមួយគ្នា​ទៀតផង ។

ទោះជាយ៉ាងណា ក្នុងដំណាក់កាលនៃការ បើកអាជីវកម្មលក់ស្រោមអនាម័យ របស់ក្រុមហ៊ុនមកពីបរទេសខាងលើបានជួបប្រទះ នូវអហ្ភូតហេតុជាច្រើន មានទាំងភាពភ័យរន្ធត់ ព្រលឹងចុងសក់ និងកំប្លែងលាយឡំគ្នា ។ ប៉ុន្តែចុងក្រោយ ដោយសារតែមានគ្រូ បង្ក្រាបខ្មោច ដ៏ចម្លែកម្នាក់ប្រាប់ថា ខ្មោចទាំងនោះខ្វះមនោសញ្ចេតនា ទើបពួកគេប្រើយ័ន្តប្លែក និងវិធីកម្ចាត់ពិសេសមួយ ទើបខ្មោចទាំងនោះ ព្រមទៅចាប់ជាតិបានសម្រេច ហើយពួកគេក៏បានស្នាក់នៅគម្រប់៣០ថ្ងៃ ឆ្លងចូល៣១ថ្ងៃ សម្រេចតាមលក្ខខណ្ឌ របស់ម្ចាស់ផ្ទះ យ៉ាងសុខសាន្ត ។

តាមរយៈភាពយន្តខាងលើនេះ ម្ចាស់ផលិតកម្ម មហាហង្ស មានជំនឿចិត្តថា ទទួលជោគជ័យខ្ពស់ និងមិនធ្វើឲ្យអ្នកគាំទ្រ ខកបំណងឡើយ ព្រោះទាំងផ្ទៃរឿង តួសម្ដែង ទីតាំង​ និងបច្ចេកទេសថត ត្រូវបានសម្រិតសម្រាំងយ៉ាងល្អ ហើយផ្ដោតសំខាន់ លើគុណភាព ជាចំបង ដើម្បីឲ្យភាពយន្តខ្នាតធំមួយនេះ មានភាពទាក់ទាញ​ អ្នកទស្សនាច្រើន៕