(ភ្នំពេញ)៖ ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ខណៈដែលរាជរដ្ឋាភិបាលដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពទាំង២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមេសា នេះ បានលើកឡើងថា ក្នុងឆន្ទះ និងគោលបំណងនៃការកាត់ផ្តាច់ នូវភាពសកម្មក្នុងដំណើរការ នៃការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ (COVID-19) នៅកម្ពុជា ជាពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាហេតុឱ្យរាជរដ្ឋាភិបាលម្រេចកំណត់ចេញនូវវិធានការ បិទរាំងខ្ទប់តំបន់មួយចំនួន ក្នុងរយៈពេលកំណត់មួយ ហើយបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភលើសុវត្ថិភាព និងសន្តិសុខស្បៀងអាហារជាពិសេស «អង្ករ»។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាថា បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជា មានបរិមាណសន្និធិ (ស្តុក) គ្រប់គ្រាន់ ទាំងស្រូវវស្សា ជាង២.៥លានហិកតា ដែលទើបបញ្ចប់ការប្រមូលផលក្នុងខែមករា និងស្រូវប្រាំង ជិត១លានហិកតា បាននឹងកំពុងប្រមូលផលបានជាង៩០% ហើយដែលមានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀង អាហារគោលប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងអាចនាំចេញទៅក្រៅប្រទេស រហូតដល់ការប្រមូលផលរដូវកាលបន្ទាប់ខាងមុខ។

សេចក្តីប្រកាសព័ត៌មានបន្តថា «ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករបាន»

ដើម្បីជួយសម្រួលបន្ទុក និងការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម នឹងបន្តដំណើរការ បញ្ចេញលក់អង្ករជាធម្មតា បន្ថែមពីលើទីតាំងកន្លែងលក់អង្ករ របស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានស្រាប់ ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ តាមទីតាំងកំណត់មួយចំនួនដូចខាងក្រោម សម្រាប់រាជធានីភ្នំពេញ និងទីតាំងចល័តដូចខាងក្រោម៖

* ស្នាក់ការក្រុមហ៊ុនហ្រ្គីនត្រេដ អាគារលេខ៦៥-៦៧-៦៩ ផ្លូវលេខ ១៣៦ សង្កាត់ផ្សារកណ្តាល១ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩២ ៩៨៥ ៧២០, ០៩៩ ៦០៤ ៨២៩

* មណ្ឌលឃ្លាំងក្រុមហ៊ុនហ្រ្គីនត្រេដ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ០១២ ៩២០ ៩១៥

* ផ្ទះលេខ២៥ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លេខទូរសព្ទ ០១២ ៩៧០ ៣៧១, ០១២ ៥៦៥ ៥០៦

* ទីតាំងចល័តក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕