(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ ដែលកន្លងមកសម្បូរវោហារសព្ទនោះ ពេលនេះកំពុងខ្លាចការពិតហើយព្យាយាមគេវេសមិនបកស្រាយ ចំពោះខ្សែអាត់សម្លេងសាងសងស្នេហា លួចលាក់ជាមួយនារីវ័យក្មេង ដែលបែកធ្លាយលើបណ្តាញសង្គម និង សារព័ត៌មាន នាថ្មីៗនេះ។

ការលើកឡើងរបស់ប្រធានគណបក្សថ្មីៗនេះ បានធ្វើឡើងបន្ទាប់ពី លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅបន្តមិនផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសម្លេងខ្សែអាត់ដែលមជ្ឈដ្ឋានគ្រប់គ្នាមានមន្ទិលសង្ស័យថាពាក់ព័ន្ធជាមួយរូបលោក ដល់ក្រុមអ្នកសារព័ត៌មាន និងក្រុមនិស្សិត ដែលបានទៅចាំយកព័ត៌មាន និងស្នើសុំឱ្យលោក កឹម សុខា បកស្រាយឱ្យបាន ច្បាស់លាស់ នៅក្នុងវេទិកាសាធារណៈ របស់គណបក្សសង្រ្គោះជាតិ នៅខេត្តព្រះសីហនុ ។

ថ្លែងប្រាប់ Fresh News តាមរយៈសារអេឡិចត្រូនិច លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា «នេះបញ្ជាក់ថា រឿងបែកធ្លាយ ទាំងប៉ុន្មានគឺជារឿងពិតជាការពិត ។ ការព្យាយាមគេចវេសមិនឆ្លើយសំណួររបស់ អ្នកសារព័ត៌អំពីរឿងអាស្រូវផ្លូវភេទរបស់គាត (កឹម សុខា) និងការដាក់បញ្ញត្តិហាមមន្ត្រីគណបក្សសង្គ្រោះជាតិ "មិនឲ្យឆ្លើយ មិនឲ្យឆ្លង មិនឲ្យឈ្លោះ" គឺស្មើនឹង ការខ្លាចការពិត ហើយក៏ជាការបញ្ជាក់ថាគឺគាត់ (កឹម សុខា) បានប្រព្រឹត្តិរឿងថោកទាបក្រៅផ្ទះ បែបនេះមែន»

រយៈពេលជិត១សប្តាហ៍ហើយ រឿងអាស្រូវរបស់លោក កឹម សុខា បានផ្ទុះឡើងជាថ្មីនៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន បន្ទាប់ពីបែកធ្លាយសំឡេង​សាងសងស្នេហាមួយ ដែលគេជឿថាជាសម្លេងរបស់ លោក កឹម សុខា ជាមួយ នារីវ័យក្មេងឈ្មោះ «ស្រីមុំ» ដែលគេសង្ស័យ​ថាជាស្រីកំណាន់របស់គាត់ដែរ។ សំឡេង​ខ្សែអាត់ ដែលនាំឱ្យមហាជនចាប់អារម្មណ៍ ខ្ពស់ទៅលើលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងនៅកម្ពុជានេះបង្ហាញថា ភាគីខាងបុរសក្រោយពេលបញ្ចប់ កិច្ចការនយោបាយ បានណាត់​នារីវ័យក្មេងម្នាក់ដែលគេទៅដើរលេងនៅក្រៅប្រទេស និយាយអំពីរឿងលើគ្រែ ព្រមទាំងមានការផ្តល់លុយ ជូនស្រីកំណាន់លួចលាក់នោះផងដែរ ។

ទោះជាយ៉ាងណា រហូតដល់ពេលនេះទាំង លោក កឹម សុខា និងមន្រ្តីគណបក្សសង្រ្គោះជាតិ បានព្យាយាមមិន​បកស្រាយ ជុំវិញការផ្ទុះរឿងអាស្រូវស្នេហាតាមរយៈខ្សែអាត់សំឡេង​នេះ ហើយអះអាងថា ពួកគេមិនជជែកវែកញែក​ជុំវិញរឿងខ្សែអាត់សំឡេង​នេះនោះទេដោយចាត់ទុកថា ការលេចចេញនូវខ្សែអាត់សំឡេង​នោះ គឺជារឿងខុសនឹងមូលដ្ឋានច្បាប់៕

ប្រធានគណបក្សយុវជនកម្ពុជា៖ «លោក កឹម សុខា បានទទួលស្គាល់ថា សម្លេងរឿងអាស្រូវស្នេហារបស់ខ្លួនពិតមែន»

Posted by Fresh News on Friday, March 4, 2016