(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៧,៧២០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨១៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,០៧០,៧៨៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៧៧,១៧៩នាក់ និងជាសះស្បើយឡើងសរុប ២៤,៦២៦,៤១០នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងចំណោមមនុស្សពេញវ័យជាង ២៥៨លាននាក់នៅទូទាំងអាមេរិក ៤៦.៥% បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 និង ២៨.៦% បានចាក់គ្រប់ដូស។ អ្នកជំនាញអាមេរិក ក៏បានលើកឡើងផងដែរថា ការចាក់វ៉ាក់សាំងបានច្រើន គឺជារឿងគួរឲ្យរីករាយបំផុត ប៉ុន្តែប្រជាជនទាំងឡាយគួរតែបន្តអនុវត្ត វិធានការការពារខ្លួនដោយការពាក់ម៉ាស់ជានិច្ច ពេលចេញទៅខាងក្រៅជាដើម៕