(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានផ្ញើសាររំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមចូលឆ្នាំនៅផ្ទះ សម្រាប់អបអរឆ្នាំថ្មី ដើម្បីអាចគ្រប់គ្រងជំងឺកូវីដ១៩ ឱ្យបានក្នុងពេលឆាប់ៗ។

លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការធ្វើសកម្មភាពរួមគ្នា ឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ តាមរយៈការចូលរួមអនុវត្តន៍វិធានការ «៣ការពារ ៣កុំ», ការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងចូលឆ្នាំនៅផ្ទះ ឈ្នះកូវីដ១៩។

លោកស្រីសង្ឃឹមថា តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ នឹងជួយឲ្យកម្ពុជា ឈានដល់ការគ្រប់គ្រងបាននូវជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗ ហើយទទួលបានជីវិតរស់នៅធម្មតា តាមបែបគន្លងថ្មីឡើងវិញ។

លោកស្រី ឱ វណ្ណឌីន បានសរសេរយ៉ាងដូច្នេះថា «ចូលឆ្នាំនៅផ្ទះ សម្រាប់អបអរឆ្នាំថ្មី ២០២១! ឆ្នាំនេះ គឺជាឆ្នាំដែលយើងកំពុងធ្វើការ ដោយមិនគិតពីការនឿយហត់ ទាំងយប់ទាំងថ្ងៃ ដើម្បីដើរចេញពីប្រអប់ Covid-19 ។ មិនទាន់ហួសពេលនៅឡើយទេ ដែលយើងអាចរួមគ្នាធ្វើសកម្មភាព និងឆ្លើយតបជាមួយគ្នាឥឡូវនេះ ដើម្បីឆាប់ទទួលបានជីវិតធម្មតាថ្មីរបស់យើង ហើយមិនត្រូវបណ្តោយឱ្យមេរោគចង្រៃនេះ វាត្រួតត្រាយើងបានឱ្យសោះ យើងចាំបាច់ត្រូវតែគ្រប់គ្រងវាឱ្យបាន ក្នុងពេលឆាប់ៗខាងមុខនេះ! អនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារកូវីដ-១៩ + ចូលឆ្នាំនៅផ្ទះ = ឈ្នះកូវីដ-១៩»