(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា គឺមិនថាតែប្រជាជនខ្មែរយើងទេ ទាំងអ្នកវិនិយោគទុនខ្មែរ និងបរទេស បានសាមគ្គីគ្នា ជួយជ្រោមជ្រែងទៅដល់ការឆ្លើយតប ទៅនឹងវិធានការការពារទប់ស្កាត់នឹងជំងឺកូវីដ១៩ ដែលបច្ចុប្បន្ន ជាក្ដីបារម្ដយើងទាំងអស់គ្នា។

លោកស្រីថែ្លងដូច្នេះ ក្នុងឱកាសអញ្ជើញទទួលសម្ភារប្រយុទ្ធជំងឺកូវីដ១៩ តម្លៃប្រមាណ៣០ម៉ឺនដុល្លារ ពីវិស័យឯកជន និងសប្បុរសជន ជាអ្នកវិនិយោគបរទេសចំនួន១៤ តាមរយៈប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជា ក្រោមការសម្របសម្រួលរបស់ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រមខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ នាទីស្ដីការក្រសួងសុខាភិបាល។

 លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា «ការងារចាក់វ៉ាក់សាំងកូវីដ១៩ ក៏ជាយុទ្ធសាស្ដ្រមួយ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ។ក្នុងនោះសម្ដេចតេជោ នាយករដ្ឋមន្ដ្រី លោកក៏បានខិតខំពង្រឹងកិច្ចសហការល្អជាមួយនឹងដៃគូនានា ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋកម្ពុជារបស់យើង រួមទាំងជនបរទេសដែលរស់នៅកម្ពុជា មានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ស្មើភាពគ្នា ដោយមិនគិតថ្លៃ»

លោកស្រី បានថ្លែងបញ្ជាក់ថា «សម្ភារទាំងនេះ ពិតជាតម្រូវការចាំបាច់ណាស់ សម្រាប់ក្រុមការងារគ្រូពេទ្យរបស់យើងដែលកំពុងបម្រើការងារចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅតាមទីតាំងផ្សេងៗទូទាំងប្រទេស។អំណោយទាំងអស់នេះ រួមមាន៖ រថយន្ដដឹកវ៉ាក់សាំង Ford Ranger ចំនួន២គ្រឿង, កុំព្យូទ័រយួរដៃ, ម៉ាស៊ីនព្រីន, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់គ្រូពេទ្យ, ម៉ាស, អាកុល, ជែលលាងដៃ និងសម្ភារមួយចំនួនទៀត ដែលបង្ហាញពីសណ្ដានចិត្ដចូលរួមសាមគ្គីរបស់ពួកគាត់»

ជាងនេះទៅទៀត បានបង្ហាញថា «ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា គឺមិនថាតែប្រជាជនខ្មែរយើងទេ ជាអ្នកវិនិយោគទុនខ្មែរ និងជនបរទេស បានសាមគ្គីគ្នា ជួយជ្រោមជ្រែងទៅដល់វិធានការ និងការអនុវត្ដនូវការឆ្លើយតប ទៅនឹងជំងឺកូវីដ១៩ ដែលបច្ចុប្បន្ន ជាក្ដីបារម្ដយើងទាំងអស់គ្នា»

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងបន្ដថា អំណោយដែលទទួលបាននៅពេលនេះ នឹងធ្វើការបែងចែកទៅតាមទីតាំង ដែលមានការចាក់វ៉ាក់សាំង។ ដោយរង់ចាំសម្ភារឧបត្ថម្ភបន្ថែមទៀតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ទៅដល់ក្រុមការងារនៅតាមបណ្ដាខេត្ដបន្ថែមទៀត លោកស្រី នឹងនាំយកសម្ភារសរុប ប្រគល់ជូនក្រុមគ្រូពេទ្យទៅតាមគោលដៅនៅចុងខែមេសានេះ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់ក្រុមធុរកិច្ចទាំងអស់ ដែលបានចែករំលែកនូវអំណោយដ៏ចាំបាច់ទាំងអស់នេះ ដែលសំដៅឱ្យការងារចាក់វ៉ាក់សំាងកូវីដ១៩នេះ បានប្រព្រឹត្ដទៅដោយជោគជ័យ។

សម្រាប់វិស័យឯកជន និងសប្បុរសជន ដែលចូលរួមឧបត្ថម្ភ ទាំង១៤រួមមាន៖

*ទី១៖ Cambodia Rice Federation
*ទី២៖ RMA (Cambodia)
*ទី៣៖ SCG (Cambodia)
*ទី៤៖ SELA Pepper
*ទី៥៖ Marriott Courtyard Hotel
*ទី៦៖ Cambodian Investment Management
*ទី៧៖ DAGS Asset Management
*ទី៨៖ TANNCAM Investment
*ទី៩៖ Baker Tilly (Cambodia)
*ទី១០៖ Mr. Joseph Michael Couto
*ទី១១៖ លោក Salah Essa
*ទី១២៖ លោក Mark William Seymour
*ទី១៣៖ លោក Wells Matthew John Roland
*ទី១៤៖ កញ្ញា Narumon Rinruangsin៕