(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងអំណរគុណ «បរធនបាលហិរញ្ញវត្ថុប្រាសាក់» ដែលបានឧបត្ថម្ភថវិកា ៦០លានរៀល ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោកអភិបាលរាជធានី បានគូសបញ្ជាក់ក្នុងលិខិតថ្លែងអំណរគុណថា កាយវិការប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេសឱ្យបានទាន់ពេលវេលា។

លោក ឃួង ស្រេង បានគូសបញ្ជាក់ដូច្នេះ «ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតមេរោគកូវីដ១៩»

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា សមានចិត្តដ៏ថ្លៃថ្លានេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕