(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WordBridge Group បានឲ្យដឹងថា ផ្អែកលើកត្តាកម្ពុជា មានវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការបើកឲ្យមានជើងហោះហើរ នៅពេលណាមួយ នោះនឹងជំរុញឲ្យវិនិយោគិនត្រឡប់មកវិនិយោគនៅកម្ពុជា ដែលនឹងជំរុញឲ្យសេដ្ឋកិច្ច មានកំណើនល្អប្រសើរឡើងវិញ។

អ្នកឧកញ៉ារូបនេះបញ្ជាក់ថា ការពិចារណានឹងវិលត្រឡប់មកវិនិយោគនៅកម្ពុជា របស់អ្នកវិនិយោគិន ក្រោមហេតុផលថា កម្ពុជាប្រទេសមានពលរដ្ឋទទួលបាន ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូច្នេះការត្រឡប់មកចូលវិនិយោគ គឺមិនមានកត្តាហានីភ័យនោះឡើយ។

ការឲ្យដឹងរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ធ្វើឡើងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «ឱកាសវិនិយោគនៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ១៩»

អ្នកឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងទៀតថា ជាការពិតមនុស្សទាំងអស់មិនថា ប្រជាពលរដ្ឋ ឬអ្នកវិនិយោគ គឺមិនអាចរស់នៅដោយគ្មានចំណូល និងការវិនិយោគបាននោះទេ។ ដូច្នេះម្នាក់ៗនឹងសម្លឹងមកវិញថា តើគួរធ្វើដូចម្ដេច ដើម្បីទទួលបានចំណូល និងការវិនិយោគ? ហើយអ្វីដែលទាំងអស់គ្នាចង់បាន គឺការបើកជើងហោះហើរឡើងវិញ។

លោកបានបញ្ជាក់ថា ប្រសិនបើការចាក់វ៉ាក់សាំងមានចំនួនច្រើន ហើយមានបើកការហោះហើររវាងប្រទេសមួយ និងប្រទេសមួយឡើងវិញ នោះសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ជារួមមានន័យថា ប្រសិនបើការបើកការហោះហើរចូលកម្ពុជា ហើយអ្នកចូលមកអាចឲ្យធ្វើចត្តាឡីស័ក ត្រឹមរយៈពេល៥-៧ថ្ងៃនោះអ្នកវិនិយោគនឹងសម្លឹងមើលទីផ្សារកម្ពុជា។

លោកបញ្ជាក់ថា ជាក់ស្ដែងសម្រាប់ប្រទេសថៃ បាននិងកំពុងអនុវត្តន៍វិធីខាងលើនេះ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ហើយធ្វើដំណើរមកកាន់ប្រទេសថៃ ប្រទេសថៃតម្រូវឲ្យពួកគាត់ ធ្វើចតា្តឡីស័កចំនួន៧ថ្ងៃប៉ុណ្ណោះ ហើយតំបន់មួយចំនួនក្នុងប្រទេសថៃ គឺអនុញ្ញាតឲ្យអ្នកវិនិយោគចូលមក ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។

លោកបន្ដថា ប្រទេសថៃទទួលបានចំណូលច្រើន ពីវិស័យទេសចរណ៍ ដូច្នេះថៃមិនអាចបិទខ្ទប់ វិស័យទេសចរណ៍បានឡើយ។ ដូចគ្នាសម្រាប់កម្ពុជា ដរាបណាកម្ពុជាចាក់វ៉ាក់សាំង បានគ្រប់ចំនួនណាមួយ ដែលពិភពលោកទទួលស្គាល់ និងឆាប់រហ័ស នោះអ្នកវិនិយោគ រួមទាំងអ្នកធ្វើដំណើរនឹងសម្លឹងឃើញកម្ពុជា ដោយផ្អែកថា កម្ពុជាជាប្រទេសមួយដែលរួចផុតពី កត្តាហានិភ័យនៃជំងឺកូវីដ១៩ ដូច្នេះការការហោះហើរ និងការវិនិយោគនៅកម្ពុជា នឹងមិនបង្កកត្តាហានីភ័យឡើយ។

លោកបញ្ជាក់ថា «ងាកត្រឡប់ទៅមើលវិស័យអចលនទ្រព្យ នឹងងើបឡើងវិញអាស្រ័យ លើបរិយាកាសជាសកល និងបរិយាកាសក្នុងប្រទេសនីមួយៗ ដោយសារពេលនេះ មិនអាចទាយបានថា តើជំងឺកូវីដ១៩ នឹងបញ្ចប់ពេលណា? ព្រោះបច្ចុប្បន្នសកលលោក កំពុងនាំគ្នារស់នឹងជំងឺកូវីដ១៩នេះ។ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំសន្និដ្ឋានថា ជំងឺកូវីដ១៩ នឹងអាចបញ្ចប់នៅចុងឆ្នាំ២០២៣»