(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា មានមនុស្ស ៣៨នាក់ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

លោកអភិបាលខេត្ត បានបញ្ជា់ថា អ្នកប៉ះពាល់ទាំងនេះ មាន ៥នាក់ជាអ្នកប៉ះពាល់ផ្ទាល់។ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលទាំងនេះ សុទ្ធតែជាប្រជាពលរដ្ឋរស់នៅក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល។

នៅថ្ងៃទី១២ ខែមេសា ម្សិលមិញនេះ រដ្ឋបាលខេត្តក្រចេះ បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ លើកដំបូង ជាកម្មការិនីរោងចក្រ «ឌីនហាន» ហើយបានចូលទៅខេត្តក្រចេះកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។ អ្នកវិជ្ជមានជំងឺកូវីដ១៩រូបនេះ មានឈ្មោះ ជុំ ចន្ទី មានអាស័យដ្ឋានភូមិវាលបីចក្រីហេង ឃុំត្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

លោក វ៉ា ថន បានបញ្ជាក់ថា អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩នេះ ត្រូវបានអាជ្ញាធររៀបចំឱ្យធ្វើចត្តាឡីស័ករួចរាល់ហើយ។

លោកអភិបាលខេត្ត បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើសូមទៅជួបក្រុមគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យសុខភាព និងយកសំណាកតេស្តរកជំងឺកូវី-១៩។

ក្នុងករណីមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕