(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់បន្ថែមទៀត សុទ្ធតែជាអាជីវករលក់ដូរនៅផ្សារក្រោម។

រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩ទាំង៣នាក់នេះរួមមាន៖ ឈ្មោះ ចាន់ ផុន ភេទស្រី អាយុ ២១ឆ្នាំ, ឈ្មោះ ជា គីម ភេទស្រី អាយុ ៥០ឆ្នាំ និងឈ្មោះ សរ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ។ ទាំង៣នាក់នេះ ជាក្រុមគ្រួសាររបស់លោក អ៉ឹង ខៃលី ដែលវិជ្ជមានជំងឺកូវីដ-១៩។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា លោកស្រី ជា គីម ក៏ជាអាជីវករលក់ដូរនៅផ្សារវត្តអធ្វាផងដែរ។

ឆ្លើយតបនឹងការរកឃើញអ្នកជំងឺកូវីដ១៩ ករណីថ្មីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងបន្ថែមការបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារវត្តអធ្វា ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទសេចក្តីជូនដំណឹងនេះ រហូតដល់ មានសេចក្តីជូនដំណឹងជាថ្មី។

នៅថ្ងៃទី១២ ខែមេសា រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន៤នាក់។ អាជ្ញាធរបានអះអាងថា នេះជាករណីឆ្លងសហគមន៍ក្នុងខេត្តសៀមរាប និងឈានដល់ចំណុចដែលមានការព្រួយបារម្ភខ្ពស់។

រដ្ឋបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិមួយចំនួនក្នុងសង្កាត់ស្វាយដង្គំ សង្កាត់សៀមរាប សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ដែលធ្លាប់បានចេញចូលក្នុងផ្សារក្រោម ផ្សារវត្តអធ្វា និងផ្សារពោធិ៍បន្ទាយជ័យ បង្កើនការប្រុងប្រយ័ត្ន អនុវត្តវិធានការការពារ «៣ការពារ ៣កុំ» និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ អ្នកលក់ដូរ និងអ្នកចេញចូលផ្សារក្រោម និងផ្សារវត្តអធ្វា ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់គិតត្រឹមថ្ងៃទី១២ ខែមេសា រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ១៦នាក់ហើយ ដែលសុទ្ធសឹងជាអ្នកកើតក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ក្នុងនោះអ្នកជំងឺម្នាក់ បានព្យាបាលឱ្យជាវិញហើយ៕