(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផនខាំ រីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវថ្មី បានឯកភាពគ្នាពន្លឿនការចរចារលើ «កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា» ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានសន្ទុះកើនឡើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ឆន្ទៈរួមគ្នារវាងនាយករដ្ឋមន្ត្រីនៃប្រទេសជិតខាងទាំងពីរ បានធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយក្នុងនោះ ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ «កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា»។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ថ្នាក់ដឹកនាំទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម ១០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីទាំងពីរ ថែមទាំងបានសម្ដែងការពេញចិត្តទៅវិញទៅមក ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញបញ្ចប់ឱ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ផងដែរ៕