(ភ្នំពេញ)៖ អ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់ទៀត ដែលរកមិនទាន់ឃើញនោះ នៅពេលនេះបានទាក់ទងមកអាជ្ញាធរអស់ហើយ នៅសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីមកទទួលពួកគាត់ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា អ្នកជំងឺកូវីដ៥នាក់ចុងក្រោយ ដែលមិនអាចទាក់ទងបាននោះ នៅពេលនេះពួកគាត់បានទាក់ទងមកអាជ្ញាធររាជធានីភ្នំពេញហើយ ដើម្បីមកទទួលពួកគាត់ទៅសម្រាកព្យាបាលជំងឺ។

គួរជម្រាបថា មនុស្សជាង៥០នាក់ ដែលរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជូនដំណឹងថា មិនអាចទាក់ទងបានក្រោយរកឃើញជំងឺកូវីដ១៩នោះ នៅពេលនេះរកឃើញមកវិញអស់ហើយ។

សូមជំរាបថា កាលពីព្រឹកមិញ សាលារាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃ ឲ្យអ្នកដែលកើតជំងឺកូវីដ១៩ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេសទៀត នោះអាជ្ញាធរនឹងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកាតាមចាប់ខ្លួនតែម្តង។

សាលារាជធានីភ្នំពេញ ក៏បានព្រមានដល់បុគ្គលផ្សេងទៀត បើសិនដឹងថាខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់អាជ្ញាធរជូនដំណឹង ហើយនៅបន្តដើរហើររហេតរហូតទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ផងដែរ។ ដោយឡែកសម្រាប់អ្នកដែលយកសំណាករួច អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវ ឲ្យបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហាមដាច់ខាតដើរចេញក្រៅ រហូតគ្រប់១៤ថ្ងៃជាមួយលទ្ធផលអវិជ្ជមានកូវីដ១៩។

ជាមួយគ្នានេះលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងថា មនុស្សទាំង៩រូប ដែលកើតជំងឺកូវីដ១៩ ប្រឈមមុខនឹងជាប់ពន្ធនាគារ ១០ឆ្នាំ បើមិនបង្ហាញខ្លួនដល់មន្ត្រីមានសមត្ថកិច្ចទាន់ពេលវេលាទេនោះ៕