(ត្បូងឃ្មុំ)៖ លោក សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមប្រភពល្អកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកដល់ប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន ៧៤២គ្រួសារ ស្ថិតនៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យបួសរ៉ម៉ាឌន នឹងចូលមកដល់ឆាប់ៗនេះ។

ការចែកជូននេះចែកចេញជា ២ដំណាក់កាលរយ:ពេល២ថ្ងៃ ពោលគឺដើម្បីបញ្ចៀសការជួបជុំទ្រង់ទ្រាយធំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ការចែកលើកទី១ នៅថ្ងៃទី១១ ខែមេសា ម្សិលមិញនេះ ហើយថ្ងៃនេះក៏ចែកបន្តទៀតបង្រ្គប់៧៤២គ្រួសារ។

ស្ថិតនៅក្នុងឱកាសនេញ លោក សុះ មូហាំម៉ាត់ បានថ្លែងថា «នេះគឺជាបេសកកម្មសប្បុរសធម៌ដូចជា រៀងរាល់ឆ្នាំដែលលោក និងក្រុមការងារបានចុះជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងខែរ៉ម៉ាឌនដ៏ពិសិដ្ឋ ជាពិសេសក្នុងវេលាដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាលក្នុងកម្ពុជា»

លោកថា កញ្ចប់អាហារដែលបានចែកនៅពេលនេះយ៉ាងហោចណាស់ក៏សម្រួលដល់ជីវភាពសម្រាប់គ្រួសារតូចបានមួយខែរដែរ។

លោកទីប្រឹក្សា បានផ្តែផ្តាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ជាពិសេសត្រូវទៅចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា បន្តអនុវត្តន៍អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ៣កុំ ៣ការពារ ឱ្យបានគ្រប់ពេលវេលា។

គួរជម្រាបថា អំណោយទាំងនេះរួមមាន៖

*អង្ករ ៥០ គីឡូ
*ស្ករស ៤ គីឡូ
*អំបិល ២ គីឡូ
*ប្រេងឆា ២ លីត្រ
*មី១០ កញ្ចប់
*ទឹកដោះគោ៤ កំប៉ុង
*ត្រីខ៥ កំប៉ុង
*ទឹកត្រីមួយលីត្រ។

គួរជម្រាបជូនថា សមាគមប្រភពល្អកម្ពុជាបានចាប់បើកដំណើរការតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយទទួលបានជំនួយមនុស្សធម៍ពីរដ្ឋគូវ៉ែត ដែលសមាគមសម្រេចបានសមិទ្ធផលល្អៗជាច្រើនជុំវិញប្រទេស និងគម្រោងបន្តបន្ទាប់ជាច្រើនផ្សេងទៀតផងដែរ៕