(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីអនុវត្តបំរាមគោចរ និងទីតាំងបិទខ្ទប់ទាំងអស់ ត្រូវតែប្រើប្រាស់សម្តី និងកាយវិការឱ្យបានសមរម្យជាមួយ ប្រជាពលរដ្ឋត្រូវចេះពន្យល់គាត់ឱ្យបានដឹង និងយល់អំពីបំរាមគោចរ និងទីតាំងបិទខ្ទប់ដែលរដ្ឋបាលសាលារាជធានីភ្នំពេញបានកំណត់។

ការណែនាំបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំ Online តាមរយៈ Zoom Meeting ដោយផ្តោតសំខាន់ទៅលើការអនុវត្តបម្រាមគោចរ ការការពារកន្លែងបិទខ្ទប់ នៅតាមខណ្ឌមួយចំនួន ជាពិសេសចូលរួមជំរុញអនុវត្តការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន ស្របតាមការយកចិត្តទុកដាក់ និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ ជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះដែរ ក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង និងលោកអធិការខណ្ឌទាំង១៤ផងដែរ។

ជាមួយនោះដែរ លោកស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីតាំងមួយចំនួនដែលត្រូវបានបិទខ្ទប់នៅខណ្ឌមាជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវបានប្រេីប្រាស់កម្លាំងចម្រុះដូចជាកម្លាំងនាយកដ្ឋាន កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពាររបស់សាលាខណ្ឌផងដែរ។

បន្ថែមពីនេះ លោកស្នងការបានណែនាំដល់លោក លោកស្រីស្នងការរងទាំងអស់ និងលោកអធិការទាំង ១៤ខណ្ឌ ត្រូវតែយកចិត្តទុកដាក់ ចំពោះភារកិច្ចដែលត្រូវប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដេីម្បីរង់ចាំបទបញ្ជាបន្ទាន់ ក្នុងការចេញប្រតិបត្តិការនៅពេលមានបញ្ហាផ្សេងៗ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានអរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានលះបង់ក្នុងការបំពេញភារកិច្ចមិនរាថយឡេីយ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាពិសេសលោកបានណែនាំដល់កម្លាំងឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិេសសអនុវត្តតាមវិធានការ «៣ការពារ ៣កុំ» និងវិធានណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល៕