(ក្រចេះ)៖ ខេត្តក្រចេះបានរកឃើញអ្នកកើតជំងឺកូវីដ១៩ លើកដំបូង ជាកម្មការិនីរោងចក្រ «ឌីនហាន» ដែលបានទៅខេត្តក្រចេះកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។ អ្នកវិជ្ជមានជំងឺកូវីដ១៩រូបនេះ មានអាស័យដ្ឋានភូមិវាលបីចក្រីហេង ឃុំត្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ខេត្ត បានបញ្ជាក់ថា អ្នកជំងឺរូបនេះ មានឈ្មោះ ជុំ ចន្ទី បានធ្វើដំណើរវិលត្រឡប់ពីរ៉ាជធានីភ្នំពេញ មកដល់ភូមិវាលបីចក្រីហេង ឃុំ គ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ហើយមន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបានឱ្យធ្វើចត្តាឡីស័កនៅផ្ទះ។ បន្ទាប់ពីទទួលបានព័ត៌មានថា រោងចក្រ ឌីន ហាន មានករណីផ្ទុះជំងឺកូវីដ១៩ មន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបញ្ជូនឈ្មោះ ជុំ ចន្ទី ទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្នូល។

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ជុំ ចន្ទី មានអាការៈក្ដៅខ្លួន ក្អក និងឈឺបំពង់ក មន្ត្រីជំនាញសុខាភិបាល បានយកសំណាកទៅពិនិត្យតេស្តរកមេរោគកូវី៥-១៩ ជាលទ្ធផលគឺ វិជ្ជមានជំងឺក្កវី-១៩។ បច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានក្រុមគ្រូពេទ្យដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នូល។

រដ្ឋបាលខេត្ត បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើសូមទៅជួបក្រុមគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យសុខភាព និងយកសំណាកតេស្តរកជំងឺកូវី-១៩។

ក្នុងករណីមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារ និង៣កុំ ឱ្យម៉ឺងម៉ាត់តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕