(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី១១ ខែមេសា បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានដឹកមកដល់រដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅតាមភូមិដ្ឋានកន្លងមកជាង ១០ភូមិ ជាង២ម៉ឺនគ្រួសារក្នុងខណ្ឌចំនួន៣ មានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។

អង្ករ មី ត្រីខ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកមកដល់សាលារាជធានីភំ្នពេញ ជាបន្តបន្ទាប់ទៀតហើយ។

គិតមកដល់ព្រឹកថ្ងៃទី១២ ខែមេសានេះ រដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកបាន៣៨៩៨គ្រួសារ ដែលជាគ្រួសារកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក។

អំណោយរបស់សម្ដេចទាំង២ ដែលបានដឹកបញ្ជូនមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ ដើម្បីទុកចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលងាយរងគ្រោះ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បង្ខំចិត្ត បិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ពិសេសនៅ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍ ព្រោះតំបន់ទាំងនេះមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ខ្លាំង និងជាតំបន់ដែលបងប្អូនកម្មករ កម្មការិនីរោងចក្ររស់នៅច្រើន។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកគ្រួសារកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក ហើយជាទិសដៅ រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជាបន្តបន្ទាប់ ជូនឱ្យដល់គ្រប់ក្រុមគ្រួសារដែលត្រូវបានបិទខ្ទប់នេះ៕