(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារចាស់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា សូមតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានរោគសញ្ញាសង្ស័យសូមទៅពិនិត្យសំណាក និងដាក់ខ្លួននៅដាច់ដោយឡែក។

តាមរយៈ Facebook អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបញ្ជាក់ថា ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា អាជីវករលក់បន្លែ និងលក់ចាប់ហួយ បានកើតជំងឺកូវីដ១៩។ ក្នុងនោះ ក៏មានអ្នកកើតជំងឺកូវីដ១៩ ធ្លាប់ទៅបានកន្លែងប្ដូរចិញ្ចៀនផងដែរ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារទិញបន្លែ, ទិញចាប់ហួយ និងកន្លែងលក់គ្រឿងអលង្ការ នៅផ្សារចាស់ ទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មូលហេតុ អ្នកជំងឺកូវីដ១៩ ជាអ្នកលក់បន្លែ, អ្នកជំងឺកូវីដ១៩ ជាអ្នកលក់ចាប់ហួយ, អ្នកជំងឺកូវីដ១៩ ទៅប្តូរចិញ្ចៀន សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ»។

គួរជម្រាបថា អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេច Lock Down ផ្សារចាស់ ក្រោយមានអ្នកឆ្លងជំងឺកូវីដ ហើយអ្នកដែល ប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួន នឹងត្រូវយកសំណាកនៅទីនោះតែម្តង។

លោក សុខ ពេញវុធ បានបញ្ជាក់ទៀតថា «នៅថ្ងៃនេះ គណៈបញ្ជាការឯកភាពខណ្ឌបានបិទបណ្តោះអាសន្ន (Lock down) ទីរួមផ្សារចាស់ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ»

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ការឆ្លងជំងឺកូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ ហើយតាមផ្សារមួយចំនួនក៏មានករណីឆ្លងផងដែរ ក្រោយមានការផ្ទុះខ្លាំងនៅផ្សារអូរឫស្សី៕