(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ម្នាក់ទៀត ដោយសារជំងឺកូវីដ១៩។ អ្នកស្លាប់ទី៣០នេះ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែល Fresh News ទទួលបាន បានគូសបញ្ជាក់ថា ស្ត្រីរូបនេះមានអាសយដ្ឋាននៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨:៣០នាទី។

ក្រសួងបន្តថា អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២៖៣០នាទីយប់។ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង ក្រុមគ្រូពេទ្យបានជួយ សង្គ្រោះតាមលក្ខណៈបច្ចេកទេសដោយធ្វើចលនាបេះដូង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៨៖៣០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

ក្រសួងសុខាភិបាល បានចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

សូមបញ្ជាក់ថា មកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ចំនួន ៣០នាក់ហើយ បានស្លាប់ដោយសារមេរោគកូវីដ១៩ ខណៈ ៥នាក់ទៀត ស្លាប់ដោយអាការៈរោគផ្សេង៕