(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមីនា ស្អែកនេះ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ តាមវេទិកាសាធារណៈមួយ នៅភូមិអូតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ,​ ដោយនៅក្នុងកម្មវិធីនោះ តាមព័ត៌មានពីក្រុមអ្នកកាសែត បានឲ្យដឹងថា មានអ្នកសារព័ត៌មានជាច្រើននាក់ នឹងតាមសួរនាំសុំការបកស្រាយពីលោក កឹម សុខា ជុំវិញបញ្ហាសារសំឡេង​ឆ្លងឆ្លើយជាមួយស្រីស្នេហ៍។

តាមព័ត៌មានបានឲ្យដឹងទៀត ក្រុមអ្នកសារព័ត៌មាននឹង សុំការបំភ្លឺពីលោក កឹម សុខា​ នៅពេលកំពុងធ្វើវេទិកាសាធារណតែម្តង។

សូមជំរាបថា ក្រុមនិស្សិតប្រមាណ១០០នាក់ មកពីសាកលវិទ្យាល័យនានា គ្រោងនឹងលើកគ្នាទៅតវ៉ានៅក្នុងវេទិកាសាធាណៈ របស់គណបក្សសង្រ្គោះជាតិ នៅខេត្តព្រះសីហនុ នាព្រឹកស្អែកនេះ ដើម្បីទាមទារឱ្យ លោក កឹម សុខា ចេញមុខបកស្រាយអំពី​សំឡេង​ខ្សែអាត់ ដែលនាំឱ្យផ្ទុះរឿងអាស្រូវស្នេហា​ជុំវិញខ្លួនលោក។

លោក ប៉េង ភិរេន តំណាងឱ្យក្រុមនិស្សិតទាំងនោះ បានអះអាងប្រាប់ Fresh News ថា ក្រុមយុវនិស្សិតនឹងទទូចស្នើឱ្យ លោក កឹម សុខា បកស្រាយថា «ពិត ឬមិនពិត» ជុំវិញសំឡេង​ខ្សែអាត់នោះ ហើយលោកនឹងជាអ្នកសួរ​សំណួរ​ទៅកាន់លោក កឹម សុខា ដោយផ្ទាល់។

លោក ភិរេន ថា «ខ្ញុំនឹងទៅសួរគាត់នៅក្នុងវេទិកានោះតែម្តង ហើយយើងនឹងកាន់ក្បាលមេក្រូនិយាយម្នាក់មួយ ...យើងមិនខ្លាចការប៉ះទង្គិចទេ ហើយយើងមិនទៅប្រព្រឹត្តហិង្សា អត់ទៅជេរ អត់មានកាន់ដំបងទេ គឺទៅដោយដៃទទេទាំងអស់ កាន់តែក្រដាសទេ គឺសុំឱ្យគាត់ឆ្លើយ»