(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារបន្ទាន់ទាំងយប់ដោយអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពនឹងនរលើការចាក់វ៉ាក់សាំង ដោយមិនត្រូវនាំគ្នាទៅដណ្តើមវ៉ាក់សាំង នាំឱ្យប៉ះពាល់ដល់ផែនការមេនៃការចាក់វ៉ាក់សាំងនោះឡើយ ហើយរាជរដ្ឋាភិបាល នឹងប្រឹងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទៅតាមផែនការ និងលំដាប់លំដោយ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារពិសេសមួយ ដែលចេញផ្សាយបន្ទាន់នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រុមឧទ្ទាមក្រៅច្បាប់ ដែលធ្លាប់តែអំពាវនាវឱ្យពលរដ្ឋកុំទៅចាក់វ៉ាក់សាំងរបស់ចិននោះ បែរជាអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងចិនវិញ។

សម្តេចតេជោ ហ៊ុន សែន ហៅការអំពាវនាវនេះ មិនមែនជាបំណងល្អរបស់ពួកគេនោះទេ គឺជាផែនការពិសពុលរបស់ពួកគេក្នុងការជំរុញឱ្យប្រជាពលរដ្ឋទៅដណ្តើមវ៉ាក់សាំង ខណៈដែលមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់។

សម្តេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ «គោលបំណងរបស់វាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តទេ។ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្តើមវ៉ាក់សាំង ក្នុងពេលវ៉ាក់សាំងរបស់យើងមានមិនគ្រប់។ យើងដឹងហើយថា យើងត្រូវការចាក់ប្រជាជនចំនួន ១០លាននាក់យ៉ាងតិច ដែលត្រូវការ ២០លានដូស។ គ្រាន់តែការចាក់កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពចាក់វ៉ាក់សាំង ក្នុងមួយខែយើងបានត្រឹមតែ១លានដូសប៉ុណ្ណោះ ដូច្នេះយើងត្រូវការជិត២០ខែ ទើបអាចចាក់អស់ចំនួនវ៉ាក់សាំង បើសិនយើងមានគ្រប់១លានដូស។ ប៉ុន្តែវាបែរជាជំរុញប្រជាជន មិនមែនជាបំណងល្អរបស់វាទេ តែទិសដៅរបស់វាមានទិសដៅផ្សេង ត្រង់ថា ជំរុញប្រជាជនឱ្យទទួលវ៉ាក់សាំង ក្នុងពេលតែមួយ ដែលជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិមួយនេះ»

ជាមួយនឹងការចេញមកលាតត្រដាងនូវភាពពិសពុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពនឹងនរ ដើម្បីទុកលទ្ធភាពជូនរាជរដ្ឋាភិបាលរកវ៉ាក់សាំង និងចាក់ទៅតាមផែនការដែលរាជរដ្ឋាភិបាលបានគ្រោងទុក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំស្នើសូមឱ្យប្រជាពលរដ្ឋយើងនឹងនរចិត្ត រាជរដ្ឋាភិបាលនឹងចាក់ជូនទៅតាមលំដាប់អាទិភាព នៅពេលវ៉ាក់សាំងមកដល់យើងនឹងពិនិត្យថា តើក្រុមណាត្រូវចាក់មុន ក្រុមណាត្រូវចាក់ក្រោយ ហើយយើងក៏មានការបែងចែកប្រភេទអ្នកណាត្រូវទទួល អាយុប៉ុន្មានត្រូវទទួល។ អាយុ ៥៩ឆ្នាំចុះទទួលស៊ីណូហ្វាម អាយុពី ១៨ឆ្នាំឡើងលើ ទទួលស៊ីណូវ៉ាក់ អាយុ ៦០ឆ្នាំឡើងលើ ទទួលអាស្ត្រាហ្សេនីកា។ នេះជាផែនការមេរបស់យើង ដែលប្រជាជនយើងមិនត្រូវជ្រួលច្របល់មកទទួលវ៉ាក់សាំង ដែលមិនមែនជាបំណងរបស់កូនអាក្បត់ជាតិនេះ»

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១១ ខែមេសា រាជរដ្ឋាភិបាលកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ១លាននាក់ហើយ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកា ៥លានរៀលសម្រាប់ជនទី១លានផងដែរ។

ការចាក់វ៉ាក់សាំងនេះ កន្លងទៅមានការធ្វើសកម្មភាពអំពាវនាវ និងបន្ទុចបង្អាក់ រាំងខ្ទប់ជាខ្លាំង ពីក្រុមឧទ្ទាមក្រៅច្បាប់ ដោយមិនចង់ឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងនោះឡើយ ដោយពួកគេព្យាយាមបំភ័យវ៉ាក់សាំងមានបញ្ហាដល់សុខភាព ឬគ្រោះថ្នាក់ជាដើម។។

លទ្ធផលនៃការចាក់វ៉ាក់សាំង បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋបានស្តាប់តាមការរៀបចំ និងការអំពាវនាវរបស់រាជរដ្ឋាភិបាល ប្រជាពលរគិតគូរចម្បងទៅលើសុខភាព មិនបានគិតតាមការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់នោះឡើយ។ លទ្ធផលនេះ វាការទះកំភ្លៀង និងជាការបរាជ័យយ៉ាងអាម៉ាសរបស់ក្រុមឧទ្ទាម ដែលតែងតែព្យាយាមបំផ្លាញ និងប្រឆាំងនូវប្រយោជន៍ជាតិ៕