(កណ្តាល)៖​ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែង​កើតហេតុ និងម្នាក់ទៀត​ រងរបួសស្រាល​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើង​ជនជាតិចិនម្នាក់ បើករថយន្ត Vigo បុលរ៉ឺម៉កម៉ូតូពីក្រោយបណ្តាលឲ្យធ្លាក់ពីលើផ្លូវ​ ទាំងពីររថយន្ត និងម៉ូតូ នៅម៉ោង​ ៥៖៥០នាទីព្រឹកព្រលឹម​ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ​ លើផ្លូវជាតិលេខ១​ ត្រង់ចន្លោះ​ គឺឡូម៉ែត្រ​លេខ ៤៩​ -៥០​ ស្ថិតក្នុងភូមិសំរោង​ក្អែ​ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​។

សមត្ថកិច្ចនគរបាលចរាចរណ៍បានប្រាប់ថា​ មុនកើតហេតុ​គេបានឃើញជនរងគ្រោះទាំងពីរនាក់ បានបើករ៉ឺម៉កក្នុងទិសដៅ ពីអ្នកលឿង ទៅភ្នំពេញ ​ស្របជាមួយរថយ​ន្តបង្ក​ លុះមកដល់ចំណុចកើតហេតុរថយន្តបង្ក​ បា​នជែងរ៉ឺម៉កក្នុងស្ថានភាពគ្រោះថ្នាក់​ ពេលនោះក៏មាន​រថយន្តដឹកទំនិញធន់ធំមួយគ្រឿងទៀត មកពីមុខធ្វើឲ្យរថយន្តបង្ក​បានបង្ខំចិត្តងាកចូលវិញស្តាំវិញ ទើបធ្វើឲ្យរថយន្តបង្កបុករ៉ឺម៉កពីក្រោយ​ពេញទំហឹង​ បណ្តាលឲ្យធ្លាក់ចេញពីថ្នល់ជាតិ​ ក្រឡាប់២ទៅ៣ត្រឡប់​ នាំឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងដូចច្នេះ​។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ គឹង​ ឆិល​ ភេទប្រុសអាយុ៣២ឆ្នាំ​ មុខរបរបើករ៉ឺម៉ក ស្នាក់នៅ​ភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ និងម្នាក់ទៀតឈ្មោះ​ មួន​  សាមៃ​ ស្នាក់នៅភូមិឃុំកើតហេតុជាមួយអ្នកស្លាប់។

ក្រោយកើតហេតុអ្នកស្លាប់ត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំនើត​ អ្នករងរបួសត្រូវសង្គ្រោះនៅមន្ទីរពេទ្យ​។ រីឯមធ្យោបាយទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សា​ ទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​៕