(កំពង់ឆ្នាំង)៖ អនុប្រធានផ្សារអូឬស្សីម្នាក់ នៅរាជធានីភ្នំពេញ បានលួចចូលទៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទាំងដែលខ្លួនធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១ មិនទាន់ចេញលទ្ធផលនៅឡើយ។

បុរសខាងលើ បានលួចចូលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដែលល្មើសនឹងបំរាមអាជ្ញាធរខេត្តកំពង់ឆ្នាំង និងល្មើសនឹងវិធានការសុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ព្រោះគាត់ជាអ្នកពាក់ព័ន្ធនឹងផ្សារអូឫស្សី ដែលជាតំបន់កំពុងផ្ទុះការឆ្លងកូវីដ១៩ និងត្រូវរង់ចាំលទ្ធផលធ្វើតេស្តសិនផងដែរ។ បុរសរូបនេះមានឈ្មោះ ឆាយ ធារ៉េន អាយុ៤២ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៩ ខែមេសានេះថា ឈ្មោះ ឆាយ ធារ៉េន ជាអនុប្រធានផ្សារអូឬស្សីរូបនេះ បានយកសំណាកធ្វើតេស្តលើកទី១ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ហើយគ្រូពេទ្យតម្រូវឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះសិន ដើម្បីរង់ចាំលទ្ធផល។

បុរសខាងលើ មិនបានធ្វើតាមការណែនាំរបស់មន្ត្រីសុខាភិបាលឡើយ ហើយលួចចូលក្រុងកំពង់ឆ្នាំង ទើបអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការសម្រេចយករូបគាត់ទៅគ្រប់គ្រង នៅមណ្ឌលចត្តាឡីស័កថាស្រុកទឹកផុស ដើម្បីតាមដានស្ថានភាពរបស់គាត់បន្តទៀត។

លោកវេជ្ជបណ្ឌិត បានធ្វើការអំពាវនាវទៅដល់ពលរដ្ឋទាំងអស់ដែលទៅធ្វើការនៅឆ្ងាយៗ សុំមេត្តាកុំអាលវិល ត្រឡប់មកស្រុកកំណើតនៅក្នុងកាលៈទេសៈនេះអី គឺត្រូវចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កុំធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ក្នុងព្រឹត្តិការណ៍២០ កុម្ភៈនេះ។

ចំពោះបងប្អូនដែលមានកូនចៅឬសាច់ញាតិទៅធ្វើការឆ្ងាយឆ្ងាយពីខេត្តកំពង់ឆ្នាំង សូមទូរស័ព្ទទៅប្រាប់ពួកគាត់ កុំវិលចូលមកស្រុកកំណើតក្នុងគ្រានេះឲ្យសោះ មិនដូច្នោះទេអាជ្ញាធរ និងក្រុមគ្រូពេទ្យ និងចាប់បញ្ជូនយកទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ គ្មានការ យោគយល់ឡើយ៕