(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ បានថ្លែងថា ដោយមើលឃើញ ការបាក់ច្រោះខ្សាច់ចូលទៅសមុទ្រ កាន់ច្រើនទៅៗ លោកបានពិភាក្សាជាមួយ ថ្នាក់ដឹកនាំនិងអាជ្ញាធរ ដើម្បីរកវិធានការទប់ស្កាត់ ការបាក់ច្រោះបន្តទៀត ព្រោះទីតាំងនេះជាតំបន់ឆ្នេរសម្រាប់ទាក់ទាញ ភ្ញៀវទេសចណ៍ជាតិនិងអន្តរជាតិ ចូលមកដំណើរកំសាន្ត នៅផ្នែកទិសនារតី នៃខេត្តកោះកុង។

លោកបានបន្តថា ដោយមើលឃើញភាពជាក់ស្តែង​​​ លោកឲ្យក្រុមការងារទិញដើមស្មាច់ មកធ្វើរបាំងនិងធ្វើការរៀបខឿនកុំឲ្យ ច្រោះខ្សាច់ចូលទៅសមុទ្របន្តទៀត ​វានាំឲ្យខូចនូវសោភ័ណ្ឌភាព នៃតំបន់ទេសចរណ៍តំបន់ឆ្នេរនេះ។

ឥឡូវលោកបានប្រើប្រាស់ស្មាច់៨០០ដើម ប្រវែង៣ម៉ែត្រ អស់ថវិកាចំនួន១០លានរៀល នេះគ្រាន់តែជំហាន់ដំបូង តែលោកនិងបន្ត រហូតដោយមិនបោះបង់ចោលឡើយ ព្រោះជាតួនាទីរបស់អាជ្ញាធរ ដើម្បីវិស័យទេសចរណ៍ ក្នុងស្រុកផងដែរ ជូនដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ។

លោកបានបន្តថាថវិកាទាំងអស់នេះ បានមកពីការជួយពីបងប្អូនដែលលក់ដូរនៅទីនេះផងនិងពីសប្បុរសជនផងដោយយល់ឃើញថា គឺដើម្បីយើងទាំងអស់ និងដើម្បីគេរ្តិ៍ឈ្មោះខេត្តផង បើឆ្នេរមានសោភ័ណ្ឌភាពស្អាតភ្ញៀវទេសចរណ៍ មានចំណាប់អារម្មណ៍ ធ្វើឲ្យកេរ្តិ៍ឈ្មោះខេត្តល្បី ទៅតាមនោះផងដែរ។

លោកសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ទាំងអស់ត្រូវចេះថែរក្សាបរិស្ថាន ឲ្យបានល្អចេះធ្វើការទាក់ទាញភ្ញៀវចរណ៍ លក់ដូរក្នុងតម្លៃសមរម្យ  មានអនាម័យល្អទៅលើម្ហូបអាហារ ត្រូវសម្អាតទីតាំងឲ្យល្អ ដើម្បីប្រឡងប្រណាំជាមួយខេត្តដដៃទៀត។

អាជីករលក់ដូរតំបន់ឆ្នេរនេះ​ បាននិយាយថា ពួកគាត់សប្បាយចិត្តណាស់ដោយមើលឃើញ អាជ្ញាធរយកចិត្តខ្លាំងនៅទីនេះ ព្រោះទីតាំងនេះជាចំណីរបស់ចក្ខុ របស់ទេសចរណ៍ជាតិនិងអន្តរជាតិ។ ព្រោះគាត់មានការព្រួយបារម្ភ ខ្លាចខ្សាច់ហូរច្រោះយូរៗទៅ បាក់ខូចខាត់តំបន់នេះផងដែរ តែឥឡូវគាត់សប្បាយចិត្តព្រោះឃើញ អាជ្ញាធរមានវិធាការទាន់ពេលវេលា៕