(​តូ​ក្យូ​)៖ រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ហ្វ៊ូមី​អូ គី​ស៊ី​ដា (Fumio Kishida) បាន​អំពាវនាវ​ឲ្យ​ប្រទេស​កូរ៉េខាងជើង រក្សា​ការអត់ធ្មត់ និង​ទទួលយក​ដោយ​សម្រួល​នូវ​ដំណោះស្រាយ ដែល​ចេញ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ អង្គការសហប្រជាជាតិ (UNSC)​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​សុក្រ ទី​០៤ ខែ​មីនា ឆ្នាំ ២០១៦​។

​លោក គី​ស៊ី​ដា បាន​ថ្លែង​ពី​ជំហរ​របស់​ជប៉ុន​ដូច្នេះ​ថា «​ទីក្រុង​តូ​ក្យូ ក្រៅ​ពី​មិន​ទទួលយក​នូវ​កម្មវិធី​នុយក្លេអ៊ែ​រ ព្រមទាំង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ហើយ​នោះ សូម្បី​តែ​មហិច្ឆិតា​នុយក្លេអ៊ែរ​នៃ​រដ្ឋ​កុ​ម្មុយ​និស្ត​មួយនេះ ក៏​ជប៉ុន​គ្មាន​ថ្ងៃ​នឹង អាច​ទទួលយកបាន​នោះដែរ​។ ដូច្នេះ​ជប៉ុន ស្នើ​យ៉ាង​ទទូច​ឲ្យ​កូរ៉េខាងជើង អនុវត្តន៍​ឲ្យបាន​ពេញលេញ​ទៅតាម ដំណោះស្រាយ​របស់​អន្តរជាតិ ដែល​ត្រូវបាន​អនុម័ត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​»​។​

​គួរបញ្ជាក់​ថា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​អង្គការសហប្រជាជាតិ​ប្រកាស​ចេញ នូវ​ទណ្ឌកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្ម​ធ្ងន់ធ្ងរ ទៅលើ​កូរ៉េខាងជើង ទីក្រុង​ព្យុងយ៉ាង​ក៏​បាន​ប្រកាស​យ៉ាង​ក្តែងៗ​នូវ​គម្រោង បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ត្រៀម​ទុក​បាញ់​ជាស្រេច ដើម្បី​គម្រាម​ទៅកាន់​សត្រូវ​របស់ខ្លួន​៕