(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបានថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅសប្តាហ៍ក្រោយនេះ។

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រីរាជការទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្តចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយទសពិធរាជធម៌ ចំពោះជាតិមាតុភូមិប្រជានុរាស្ដ្រនិងកិច្ចការបរទេសរបស់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លា បរិសុទ្ធទ្រង់ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ជួយក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសារលិខិតថ្វាយព្រះពរនេះ សម្តេចតេជោ ហ៊ុន សែន សូមព្រះបរមរាជានុញ្ញាតជាថ្មីម្ដងទៀតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព្រះនាមមណ្ឌាទេវី សូមព្រះអង្គតាមជួយថែរក្សាការពារអភិបាល ជ្រោះព្រំនូវ ព្រះសព្ទសាធុការពរជ័យ គ្រប់ប្រការ និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ៕