(ភ្នំពេញ​)៖​ នា​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​មីនា​ ឆ្នាំ​២០១៦​​នេះ​ តុលាការ​កំពូល​​ បើក​សវនាការ​ជំនុំជម្រះ​ លោក​ ចែម​ សង្វារ​ អតីត​អគ្គាធិការ​ នៃ​អគ្គាធិការ​ដ្ឋាន​ អធិការ​កិច្ច​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដោយជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទឹកប្រាក់​ប្រមាណ​៧០ម៉ឺន​ដុល្លារ​អាមេរិក​។ មន្ត្រី​តុលាការ​កំពូល​ ថ្លែង​ថា​ សវនាការ​នេះ​ដឹក​នាំ​ដោយ​លោក​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ និង​ លោក​ នៅ​ មុនី​ជោត​ ជា​តំណាង​មហា​អយ្យការ​ ។

លោក​ ចែម​ សង្វារ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ​ និង​ពិន័យ​២០ម៉ឺន​ដុល្លារ​ ព្រម​ទាំង​រឹបអូស​ទ្រព្យសម្បត្តិ​ចំនួន​៥០ម៉ឺន​ដុល្លារ​អាមេរិក​ ថែម​ទៀត​ផង​ ។ លោក​ ចែម​ សង្វារ​ ជាប់​ចោទ​ពី​បទ​ គៃ​បំបាត់​ធ្វើ​ដោយ​អ្នក​រាជការ​ និង​បទ​ មិន​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ (​ប្រកាស​មិន​ត្រឹម​ត្រូវ​)​ និង​មាន​ទ្រព្យ​ដោយ​ខុសច្បាប់​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០០៨​ ឆ្នាំ​២០១១​ និង​ ឆ្នាំ​២០១៣​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (​ ACU )​ លេខ​០១៤/១៤​ សជណ​ ចុះ​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ ឆ្នាំ​២០១៤​ បង្ហាញ​ថា​ លោក​ ចែម​ សង្វារ​ បាន​បើក​ប្រាក់​ធានា​ប្រតិបត្តិការ​ចំនួន​១០ម៉ឺន​ដុល្លារ​អាមេរិក​ របស់​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ ការ​ប្រកាស​មិន​ត្រឹម​ត្រូវ​អំពី​ទ្រព្យ​ដែល​ខ្លួន​មាន​ ព្រម​ទាំង​ភាព​មិន​អាច​ពន្យល់​បាន​នៃ​លុយ​ដុល្លារ​ក្រៅ​ធនាគារ​ចំនួន​៥០ម៉ឺន​ដុល្លារ​អាមេរិក​ ដែល​បាន​កើតឡើង​ក្នុង​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ កាល​ពី​ឆ្នាំ​២០១១​ និង​ ឆ្នាំ​២០១៣​។

គួរ​បញ្ជាក់​ថា​ លោក​ ចែម​ សង្វារ​ ត្រូវ​បាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ឃាត់ខ្លួន​កាល​ពី​ថ្ងៃទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៤​ ដែល​រហូត​ដល់​ទល់​ពេលនេះ​ លោក​ ចែម​ សង្វារ​ បាន​ជាប់​ពន្ធនាគារ​ជិត​២ឆ្នាំ​ មក​ហើយ​ ។

ទោះបី​យ៉ាងណា​សវនាការ​នេះ​ ត្រូវ​បាន​លើក​ពេល​ទៅ​ក្រោយ​វិញ​ ព្រោះ​ជនជាប់ចោទ​គ្មាន​មេធាវី​ និង​ជនជាប់ចោទ​ស្នើ​មាន​មេ​ធាវី​ផ្ទាល់ខ្លួន​៕