(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានថ្វាយលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នររោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅសប្តាហ៍ក្រោយនេះ។

នាឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ នាពេលខាងមុខនេះ សម្តេច ហេង សំរិន ព្រមទាំងសមាជិក សមាជិកា នៃរដ្ឋសភា សូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងនូវអំណរសាទរដ៏ថ្លៃថ្លា និងសូមថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់មានព្រះកាយពល មាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំង ប្រទេសជានិច្ចនិរន្តរ៍តរៀងទៅ។

សម្តេចប្រធានរដ្ឋសភា ក៏បានសូមព្រះបរមរាជានុញ្ញាត សម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមក្នុងព្រះរាជសកម្មភាពដ៏ថ្លៃថ្លា ដែលព្រះអង្គតែងតែមានព្រះព្រហ្មវិហារធម៌ ព្រះទ័យជ្រះថ្លាបរិសុទ្ធ បូជាព្រះកាយពល និងព្រះបញ្ញាញាណ ព្រមទាំង បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ ពិសេសក្នុងព្រះរាជសកម្មភាព សង្គមកិច្ច មនុស្សធម៌ វប្បធម៌ សាសនា និងសេចក្តីសុខក្សេមក្សាន្ត ជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

សម្តេច ហេង សំរិន ព្រមទាំងសមាជិក សមាជិកា នៃរដ្ឋសភា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះ មហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាមមណ្ឌាទេវី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕