(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលកំពុងប្រព្រឹត្តិទៅនៅវិមានសន្តិភាពនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា មិនបាច់ចងក្រវាត់ក នៅក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីទេ គឺសាមញ្ញ ប៉ុន្តែត្រូវបន្ថែមការខិតខំបំពេញការងារជូនប្រជាពលរដ្ឋ។ នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងយ៉ាងដូច្នេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពេលចាប់ផ្តើមប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នេះថា ចាប់ពីសម័យប្រជុំនេះទៅ សមាជិករដ្ឋាភិបាលអាចមក ប្រជុំដោយពាក់​ក្រវាត់ក​ឬមិនពាក់ក៏បាន (ថ្ងៃនេះសម្តេចអត់ពាក់ក្រវាត់កទេ)។ នេះបើតាម Facebook រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០១៦នេះ គណៈរដ្ឋមន្រ្តីបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពរ​បស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយពិភាក្សាទៅលើរបៀបវារៈចំនួន៣។

របៀបវារៈសំខាន់ៗមាន៣ ដែលលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនោះរួមមាន៖
១- សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន២០១៦-២០៣០។
២- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាម ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។
៤- បញ្ហាផ្សេងៗ។

របៀបវារៈទី៣ ត្រូវបានដកចេញ៖
៣-សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ១៩៨២៕