(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់ឈ្មោះ ឃីម សុប៉ិន អាយុ២០ឆ្នាំ រស់នៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំរួចហើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះ បានឱ្យដឹងថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តបានចុះធ្វើការស្រាវជ្រាវ និងរកឃើញថាបុរស ដែលវិជ្ជមានជំងឺកូវីដ១៩នេះ ជាជាងធ្វើតុទូនៅម្ដុំផ្សារត្រពាំងថ្លឹង និងស្នាក់នៅបន្ទប់មានគ្នា០៣នាក់ ជាមួយនឹងស្ត្រីម្នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា កាលពីថ្ងៃទី០៥ ខែមេសា ដោយមិនបានដឹងថាស្ត្រីរស់នៅបន្ទប់ជាមួយគ្នា មានវិជ្ជមានកូវីដ-១៩ ឈ្មោះ ឃីម សុប៉ិន បានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួនមកស្រុកកំណើត ដោយបានឈប់ចាក់សាំងនៅម្ដុំផ្សារដីហុយ ហើយពេលមកដល់ផ្ទះគាត់មិនបានចេញទៅណាទេ ក្រៅពីស្និទ្ធស្នាលជាមួយម្តាយ បងស្រី និងក្រុមគ្រួសារចំនួន ០៤នាក់។

អ្នកពាក់ព័ន្ធដោយផ្ទាល់ទាំង០៤នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ និងបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រ ដោយទទួលបានលទ្ធផលអវិជ្ជមាន (លើកទី១)។

ជាមួយនឹងការរកឃើញបុរសម្នាក់កើតជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ និង៣កុំ» និងវិធានការសុខាភិបាលផ្សេងទៀត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕